2024-01-09 01:01
81

ភ្នំពេញ៖ ស្ត្រីជាប្រពន្ធដើម និងប្រពន្ធចុងបានផ្ទុះជម្លោះឈ្លោះប្រកែកគ្នាឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាបណ្តើមប្តីបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ប៉ុន្តែពេលប្តីចូលទៅហាមឃាត់មិនស្តាប់ក៏ជ្រុលវាយប្រពន្ធលើប្រពន្ធចុងបណ្ដាលឱ្យរងរបួសបោងភ្នែកម្ខាង បន្ទាប់មកប្តីរូបនោះក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ករណីស្ត្រី២នាក់វាយតប់ដណ្តើមប្តីគ្នានេះ បានកើតឡើង នៅវេលាម៉ោង ០៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុង ភូមិស្លែងលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ស្ត្រីជាប្រពន្ធដើមពាក់អាវពណ៌លឿនលាយខ្មៅមិនពាក់ម៉ាស់ បានរៀបរាប់ប្រាប់ឱ្យដឹងថា «រូបគាត់ និងប្តីបានរៀបការស្របច្បាប់ជាមួយគ្នាប្រហែល ១០ឆ្នាំមកហើយ ដោយមានកូនប្រុស ស្រី ចំនួន ០២នាក់ ហើយប្រពន្ធចុងរបស់ប្តីគាត់ទើបមានទំនាក់ទំនងគ្នាជាង ២ឆ្នាំប៉ុណ្ណោះ»។ 

ស្ត្រីប្រពន្ធដើម បានបន្តថា «ពេលប្តីចូលផ្ទះរស់នៅជុំគ្នាជាមួយប្រពន្ធ និងកូន ស្ត្រីជាប្រពន្ធចុងតែងតែហៅទូរសព្ទជាញឹកញាប់រំខានសេចក្ដីសុខក្នុងក្រុមគ្រួសារគ្មានសុខស្រួលឡើយ សូម្បីតែម៉ូតូកង់បីឥណ្ឌាក៏ស្ត្រីជាប្រពន្ធចុងដាក់ភ្ជាប់ប្រព័ន្ធ GPS ដើម្បីតាមដានខ្លាំងជាងគាត់ជាប្រពន្ធដើមទៅទៀត»។

ស្ត្រីប្រពន្ធចុងដែលពាក់អាវពណ៌ក្រហមវិញ និយាយថា «ស្ត្រីជាប្រពន្ធដើមចោទប្រកាន់ថាគាត់យកប្តីគេ បើប្តីចេះតែមករករកគាត់ដែរនឹងឱ្យធ្វើម៉េច? មិនតែប៉ុណ្ណោះ បុរសជាប្តីបានវាយគាត់ បណ្ដាលឱ្យរងរបួសភ្នែក និងពីមុនមកក៏ប្ដីធ្លាប់ប្រើអំពើហិង្សាតែមិនបានប្តឹងផ្តល់អីទេ»។

បើតាមប្រជាពលរដ្ឋអ្នកជិតខាងដែលស្គាល់បុរសជាប្តី បានលួចបង្ហើបប្រាប់ថា «បុរសរូបនេះ មិនត្រឹមតែប្រពន្ធ ០២នាក់នេះទេ គឺមានស្រីច្រើនណាស់ ប៉ុន្តែមិនច្បាស់់មានប៉ុន្មាននាក់ឱ្យប្រាកដនោះទេ»។

ក្រោយពេលកើតហេតុ ប្រពន្ធចុងក៏បានត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅថ្ងៃក្រោយបន្តទៀត៕