2023-10-25 10:10
391

(កែប)៖     នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងសំណូមពរហើយបានស្មើឱ្យអាជ្ញាធរខេត្តកំពតជួយសម្រួលរបាំងនៅលើដងផ្លូវលេខ ១៣,៣៥ ចេញមុនថ្ងៃបុណ្យសមុទ្រចូលមកដល់។

ដូចនេះហើយបានលើកជាការសំណូមពរដូចនេះរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២៣កន្លងមកនេះ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ២០២៣ខាងមុខដិយមានវត្តមាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងនាពេលថ្មីនេះៗនៅសាលាខេត្តកែប។

ជាមួយគ្នានោះ ឯកឧត្តម នៃ គង់ អភិបាលរងខេត្តកំពតបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះហើយបានបញ្ជាក់ថានិងយកបញ្ហាមួយនេះដាក់ជូនទៅថ្នាក់ដឹកនាំខេត្តកំពតដើម្បីពិនិត្យមើលនិងដោះស្រាយ។

ផ្លូវលេខ ១៣៣៥ ដែលភ្ជាប់គ្នារវាងផ្លូវជាតិលេខ៣ ស្រុកឈូក នៃខេត្តកំពត និងផ្លូវជាតិលេខ៣៣ ស្រុកដំណាក់ចង្អើរ នៃខេត្តកែប តាមរយៈតំបន់ភ្នំវល្លិ៍ ទើបតែស្ថាបនារួចរាល់ ក្នុងនោះនៅកំណាត់ផ្លូវត្រង់ព្រំប្រទល់នៃខេត្តកំពត ចូលមកខេត្តកែប មានដាក់របាំងលូធំៗរឹងមាំ ជាមួយរបារផងនោះ ស្ទើរតែរថយន្តមិនអាចបើកបរឆ្លងកាត់បាន ហេតុនេះដើម្បីសម្រួលដល់ការធ្វើដំណើរជាពិសេសបងប្អូនប្រជាពលរដ្ឋ និងក្រុមប្រតិភូថ្នាក់ជាតិដែលមកបុណ្យសមុទ្រនាពេលខាងមុខនេះ អភិបាលខេត្តកែប បានសំណូមពរដល់រដ្ឋបាលខេត្តកំពតយករបាំងនោះចេញជាបណ្តោះអាសន្ននៅមុនពិធីបុណ្យសមុទ្រចូលមកដល់។

ក្រៅពីបញ្ហារបាំងផ្លូវនៅបណ្តោយផ្លូវ១៣៣៥ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានសំណូពរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួយសម្រួលផ្លូវជាតិលេខ៣៣ ដែលកំពុងកែលំអនេះ ធ្វើយ៉ាងណាត្រួសត្រាយឱ្យបានស្អាត ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។

ដោយសារបច្ចប្បន្នផ្លូវមួយខ្សែឆ្លងកាត់ខេត្តកែប និងកំពតនេះ មានសភាពហ៊ុយ និងជង្ហុកច្រើនកន្លែង។
ទោះជាយ៉ាងណាឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យភាគីដែលពាក់ព័ន្ធទាំងអស់សហការគ្នា ស្វែងរកដំណោះស្រាយសមស្រប ដើម្បីអាចឱ្យពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣នេះ ដែលនឹងប្រារព្ធ នៅលើទឹកដីខេត្តកែប នាថ្ងៃទី១ ដល់ទិ៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ និងជោគជ័យខ្ពស់។(សឹង រ៉ាត់)