2024-02-27 08:02
72

ភ្នំពេញ៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យជាអ្នកបើករថយន្ត ឡាំបូគីនី ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ)។
   យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៩២៤ អ.យ.ញ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនចិនលេខ EA9519361 កាន់លិខិតឆ្លងដែនខ្មែរលេខ N01943888 មុខរបរអ្នករកស៊ី ទីកន្លែងកំណើតនៅខេត្តអ៊ូប៉ី ប្រទេសចិន អាសយដ្ឋាន មុនពេលឃាត់ខ្លួនស្នាក់នៅ បុរី ជីប ម៉ុងផ្ទះលេខ ៤៦ ផ្លូវលេខ១ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ FU ZHONG HUA (ហ្វូ ចុងហ័រ) ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោកឃាត់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបើកបរ   រថយន្តបង្កគ្រោះថ្នាក់ចរាចរបុកម៉ូតូបណ្តាលឲ្យបុរសអ្នកដឹកជញ្ជូនម្នាក់ស្លាប់ភ្លាម និងព្យាយាមបើករត់គេចខ្លួនមិនទទួលខុសត្រូវ។
   ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ៖ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុង ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ» បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L ប្រព្រឹត្តនៅចំណុច មុខក្រុមហ៊ុន SDB លើ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ និង បទ៖ «រត់គេចខ្លួន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បទល្មើសដែលបញ្ញត្តិឱ្យ ផ្តន្ទាទោសតាមមាត្រា ៥៥៣ នៃក្រមព្រហ្មទណ្ឌ។
   លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច៖ ១- ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ FU ZHONG HUA (ហ្គូ ចុងហ័រ) ទៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់។ ២- ឱ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ និង៣- ឲ្យគ្រប់ភ្នាក់ងារកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបាន បង្ហាញក្នុងករណីចាំបាច់៕