2024-01-09 04:01
74

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោធិន នៃកងរាជអាវុធហត្ថទាំងអស់ គោរពច្បាប់ចរាចរ ដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរ។ 

ក្នុងនោះ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថាៈ «ចំពោះយោធិន នៃកងរាជអាវុធហត្ថ ដែលប្រើប្រាស់គ្រឿងញៀន នឹងអនុវត្តច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស»។ នេះបើតាមកាបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរថាៈ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថនោះ គឺ “យោធិននៃកងរាជអាវុធហត្ថណាដែលបង្កស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភ ថវិកាគោលនយោបាយ ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ”។ លោក អេង ហ៊ី បានលើកជាឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯង មានដូចជា៖ ករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយគ្មានការអនុញ្ញាត ទៅផឹកស៊ីស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង...។ល។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថាៈ «កងរាជអាវុធហត្ថ ក្រោមការដឹកនាំ គ្រប់គ្រងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពជាប្រចាំ។ កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ហើយយោធិន នៃកងរាជអាវុធហត្ថគ្រប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ។ ថវិកានៃមូលនិធិនេះ បានយកទៅឧបត្ថម្ភជូនដល់គ្រួសារនៃយោធិននៃកងរាជអាវុធហត្ថដែលបាន ពលី មរណៈ ដើម្បីជួយចំណាយក្នុងការរៀបចំបុណ្យសព និងសល់ពីនោះ អាចប្រើប្រាស់ទំនុបបម្រុងក្នុងគ្រួសារទៀតផង»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថាៈ កងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព ឱ្យចូលរួមការអនុវត្តច្បាប់និងខ្លួនឯងម្នាក់ៗត្រូវតែជាគំរូក្នុងការគោរពច្បាប់នានា។ 

កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌគ្រប់គ្រង ចំពោះយោធិន នៃកងរាជអាវុធហត្ថ ដែលប្រើប្រាស់គ្រឿងញៀន នឹងអនុវត្តច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស។ ទាំងនេះ គឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងអំពើល្មើសច្បាប់ចរាចរ ។ល។ 

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់បន្ថែមថាៈ តាំងពីម្សិលមិញ ថ្ងៃទី០៨ ខែមករា ដល់ពេលនេះ គ្រប់ស្ថាប័ន និងអង្គភាពកងរាជអាវុធហត្ថ បាននឹងកំពុងធ្វើការអប់រំ ផ្សព្វផ្សាយនូវបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសផងដែរ៕