2023-10-01 04:10
198

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 ដំណើរឆ្ពោះទៅរំលឹកប្រវត្តិសាស្ត្រ ដោយថ្មើរជើងរួមគ្នានេះ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានរៀបចំកម្មវិធី ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ យុវជនតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មានបេះដូងស្រលាញ់វប្បធម៍ទេសចរណ៍ សរុបជាង ១,០០០នាក់។

 នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ជុំវិញក្សិណ ចម្ងាយ ១០,០០០ម៉ែត្រ នាពេលនេះ គឺដើម្បីលើកតម្លៃ និងបង្ហាញអំពីសក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅតំបន់ប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន របស់ខេត្តត្បូងឃ្មុំ ស្របតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្ត។

 លោកបណ្ឌិត អភិបាលខេត្ត បន្តថា ជាដំណាក់កាលបន្តបន្ទាប់ ក្នុងការលើកតម្លៃសក្តានុពលធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តនេះ រដ្ឋបាលខេត្ត តែងបានសហការជាមួយរដ្ឋបាលស្រុក អង្គការជាដៃគូ និងសប្បុរសជន បានរៀបចំអោយមានព្រឹត្តការណ៍សំខាន់ៗជាច្រើន ជាក់ស្តែងការធ្វើយុទ្ធដំណើរនាថ្ងៃនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ជាកត្តាចម្បងដែលជម្រុញឱ្យមានការចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍មូលដ្ឋានផងដែរ ។

 លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត មានបំណងប្រែក្លាយតំបន់រមណីដ្ឋានហ្លួងព្រះស្តេចកននេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏គួរឱ្យទាក់ទាញ សម្រាប់ខេត្តត្បូងឃ្មុំ ដោយទីស្ថាននេះ ជាអតីតជារាជធានីខ្មែរពីមុន អំឡុងរាជព្រះបាទ ព្រះស្រីជេដ្ឋាធិរាជ ស្តេចកន សោយរាជ្យ ឆ្នាំ១៥១២ ដល់១៥២៥ មានឈ្មោះថា ស្រឡប់ដូនតីពីជ័យព្រៃនគរ ។

 ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សំណូមពរដល់យុវជនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅទីនេះ សូមរួមគ្នាសាមគ្គីគ្នា ការពារ អភិរក្ស និងថែរក្សាទីស្ថាននេះ ធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងតំបន់បែបវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងសាសនារបស់ខេត្តត្បូងឃ្មុំ ឱ្យបានស្រស់ស្អាត គង់វង្សជានិរន្តន៍៕