2024-02-23 04:02
74

ភ្នំពេញៈ បុរសជាអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តសេ៊រីទំនើបមួយគ្រឿងបើកបរដោយតារា Tik Tok ជាជនជាតិចិនបើកលឿនដូចហោះជ្រុលទៅបុកពីក្រោយពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់                 កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានអ្នកឃើញហេតុការណ៍អះអាងថាជាបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជា  តារាល្បីតាមបណ្ដាញសង្គមFacebook និងTik Tok ខាងធ្វើម្ហូប។

 ប្រភពបន្ថែមថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 បើកបរដោយបុរសជនជាតិចិន ឈ្មោះ ប៉ាហ្វីដូ ដែលជាតារាល្បីតាមបណ្ដាញសង្គមFacebook ខាងធ្វើម្ហូប បើកបរ ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទាតជាច្រើនម៉ែត្រស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌តែម្តង។

 បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់គេចចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់បាន ។ 

 ប្រភពដដែលបានបន្តទៀតថា នៅពេលដែលសមត្ថកិច្ចសួរនាំ តារា រូបនេះបានបដិសេធថា ខ្លួនមិនមែនជាអ្នកបើកនោះទេ ប៉ុន្តែប្រជាពលរដ្ឋឃើញច្បាស់ថាគាត់ជាអ្នកចុះពីលើរថយន្តបង្ក ទោះជាយ៉ាងណាសមត្ថកិច្ចបាននាំអ្នកបើកបររថយន្តបង្កនិង មិត្តភក្តិ២នាក់ទៀតបញ្ជួនទៅកាន់ការិយាល័យជំនាញដើម្បីសាកសួរនិងរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។