2023-10-11 04:10
327

(កំពង់ចាម)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំអាហារសាមគ្គីជូនដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា ជាង១៣០នាក់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅភូមិទី៦ក សង្កាត់វាលវង់ ក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា បន្ទាប់ពីមានការខកខានរៀបចំពិធីអាហារសាមគ្គី ជូនដល់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រា មួយរយៈដោយសារផ្ទុះឡើងនៅជំងឺកូវីដ១៩។ ប៉ុន្តែបច្ចុប្បន្ននេះអាចមានឱកាសចាប់ផ្តើមជាថ្មី ដើម្បីរៀបចំអាហារសាមគ្គី សម្រាប់កុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាវិញហើយ ដោយសាររាជរដ្ឋាភិបាលទប់ស្កាត់ជំងឺនេះ និងបានប្រកាសដាក់ឲ្យប្រទេសដំណើរការជាធម្មតាវិញ។

លោកអភិបាលខេត្ត បានណែនាំដល់គណៈគ្រប់គ្រងវិទ្យាល័យ ក៏ដូចជា លោកគ្រូ អ្នកគ្រូ ក្រៅពីការបង្ហាត់បង្រៀនដល់កុមារ សូមយកចិត្តទុកដាក់លើការគាំពារសុខភាពដល់ពួកគាត់ផងដែរ។ លោកក៏បានផ្ដាំផ្ញើដល់សិស្ស ជាកុមារពីកាភ្នែក គ ថ្លង់ និងកុមារកំព្រាទាំងអស់ ឲ្យចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឲ្យបានពូកែ ក្នុងកម្រិតនៃការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សា ទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងអនាគតរបស់ខ្លួន ឲ្យមានភាពប្រសើរឡើង៕