2023-06-28 02:06
434

ខេត្តព្រៃវែង៖ ឃាតករ ចំនួន ០២នាក់ បានរួមគំនិតគ្នាចាប់រំលោភស្ត្រីម្នាក់រួចសម្លាប់ទាំងម្តាយ និងកូនតូចអាយុ ០២ឆ្នាំហើយដុតផ្ទះបំបិទភ័ស្តតាងដើម្បីបន្លំភ្នែកសមត្ថកិច្ច ត្រូវបាននគរបាលស្រាវជ្រាវឈានដល់បំបែកសំណុំរឿង និងឃាត់ខ្លួន។

ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿឃាតកម្មយ៉ាងព្រៃផ្សៃមួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ករណី “ឃាតកម្មគិតទុកជាមុន រំលោភសម្លាប់ និងផ្សំគំនិត” ដែលបានសម្លាប់ម្ដាយកូន ០២នាក់ និងយកភ្លើងដុតផ្ទះ ដុតសពជនរងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។

ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ 

ស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ ២ឆ្នាំ ។

តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ខ្លួនចាប់ផ្តើមប្រចណ្ឌប្ដីរបស់ខ្លួន ជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នាមានភាពស្និតស្នាលខុសពីធម្មតា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ០៥និង៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀត ឈ្មោះ មុំ ញ៉េប ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រចណ្ឌប្ដី និងជនរងគ្រោះថា បានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។ 

ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុនចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត លុះដល់ម៉ោង ០៨និង៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះគោលបំណង ដើម្បីឱ្យឈ្មោះ មុំ ញ៉េប ចាប់រំលោភជនរងគ្រោះ ។

ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជនងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក ខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះ ឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ទវៈលើជនរងគ្រោះរហូតបានសម្រេច។ 

ក្រោយរំលោភរួចឈ្មោះ នួន ទូច បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លាប់ ខណៈនោះ កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះជនសង្ស័យ នួន ទូចក៏បានចាប់បោកក្មេងប្រុសនោះផ្ទប់នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាលលើខ្លួន ច្រើនដងរហូតក្មេងនោះបាក់ដៃបាក់ជើងផុងលលាដ៍ស្លាប់យ៉ាងអាណោចអាធ័ម ។ 

ស្ត្រីសង្ស័យបានសារភាពទៀងថា បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ ពេលដុតផ្ទះហើយខ្លួន និងឈ្មោះ មុំ ញ៉េប ក៏បែកផ្លូវគ្នាចូលរោងដេកតាមធម្មតា រហូតដល់វេលាម៉ោងប្រហែល ១០យប់ ឃើញមានប្រជាពលរដ្ឋ និងប៉ូលិស ផ្អើលឈូឆរនៅផ្ទះកើតហេតុ ខ្លួនក៏ចេញមកមើលដោយធ្វើដូចគ្មានរឿងអ្វីកើតឡើងលុះម៉ោង ១១យប់ ក៏ចូលដេកវិញដូចធម្មតា។

សូមបញ្ជាក់ជូនថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ហើយបានដាក់ការសង្ស័យថា ជាករណីឃាតកម្ម ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងសុំជំនួយពីអង្គការ CPU ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១០និង០០នាទីព្រឹក កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបានស្លាប់មុនភ្លើងឆេះទៅទៀត ។

ដោយយោងលើការសន្និដ្ឋានបែបនេះហើយ ទើបលោកស្នងការនគរបាលខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត មានមូលដ្ឋានក្នុងការស្រាវជ្រាវបន្ត រហូតកំណត់មុខសញ្ញាសង្ស័យបាន២នាក់ ម្នាក់ឈ្មោះ នួន ទូច និងម្នាក់ទៀតឈ្មោះ មុំ ញ៉េប បន្ទាប់មកនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ សួរចម្លើយពួកគាត់ពីរថ្ងៃពេញ ទើបចេញលទ្ធផលសារភាពស៉ីសង្វាក់គ្នាគ្រប់បែបយ៉ាង ទាំងវត្ថុតាង ពេលវេលាសាក្សី និងអង្គហេតុ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង ៕