2024-03-12 05:03
57

បន្ទាយមានជ័យ៖ បុគ្គលិកផ្នែកលក់គ្រឿងសំណង់ម្នាក់ បានកឹបកេងលុយកថៅកែអស់ជាង ៣០ម៉ឺនដុល្លារ យកទៅដើរស៊ីចាយ ទិញរថយន្តជិះផ្ទាល់ខ្លួន និងបើកមុខរបរលក់គ្រឿងសំណង់ផ្ទាល់ខ្លួន ត្រូវបានកម្លាំងកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។

មន្ត្រីប៉េអឹមបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបញ្ជូនទៅកាន់តុលាការក្នុងករណី រំលោភលើសេចក្តីទុកចិត្ត មានឈ្មោះ ឈុន ស៊ីណា ភេទប្រុស ឣាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រោយការឃាត់ខ្លួន និងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានកឹបកេងយកប្រាក់របស់ថៅដែលប្រមូលពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត យកមកបើកកន្លែងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ និងដើរស៊ីចាយហឺហារ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រាកដមែន»។

មន្ត្រីដដែលបានប្តទៀតថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ ៤៤ឆ្នាំ ជាថៅគ្រឿងបោះដុំគ្រឿងសំណង់ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់ជនសង្ស័យជាភ្នាក់ងារលក់ទីបទៈ រំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

តាមបណ្តឹងម្ចាស់ឣាជីវកម្មបោះដុំគ្រឿងសំណង់គ្រប់ប្រភេទ ប្រចាំក្រុងប៉ោយប៉ែត បានរៀបរាបថា ខ្លួនបានទទួលជនសង្ស័យឈ្មោះ ឈុន ស៊ីណា មកធ្វើជាបុគ្គលិកផ្នែកទីផ្សារ (លក់) និងចែកចាយលក់គ្រឿងសំណង់ ចំនួន ០៤ខេត្ត ដោយផ្គត់ផ្គង់សម្ភារៈគ្រឿងសំណង់ឱ្យតំណាងនៅតាមខេត្តហើយឈ្មោះ ឈុន ស៊ីណា តែងតែរាកការណ៍មកថា តំណាងចែកចាយគ្រឿងសំណង់បានជំពាក់ប្រាក់ជាបន្តបន្ទាប់ រហូតបំណុលរបស់តំណាងចែកចាយមានការកើនឡើង ទើបមានការសង្ស័យ ក៏បានដាក់បុគ្គលិកផ្សេងទៀត ឱ្យដើរតាមឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់តាមខេត្តជាមួយគ្នា ប៉ុន្តែបុគ្គលិករូបនេះ បានបង្វែរបុគ្គលិកទៅកន្លែងផ្សេងទៅវិញ។ 

តាមបណ្តឹងបញ្ជាក់ថា លុះក្រោយមកបានឱ្យកូនប្រុសចុះស្រាវជ្រាវតាមតំណាងចែកចាយគ្រឿងសំណង់តាមបណ្ដាខេត្តដែលជំពាក់ថ្លៃគ្រឿងសំណង់ ទើបដឹងថាឈ្មោះ ឈុន ស៊ីណា ជាបុគ្គលិក បានប្រមូលប្រាក់ពីម្ចាស់ដេប៉ូឣស់ហើយដល់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ បុគ្គលិករូបនេះ បានឆ្លើយសារភាពប្រាប់ថា «ប្រាក់ដែលឣតិថិជនសងថ្លៃគ្រឿងសំណង់យកចាយឣស់ប្រហែល ចំនួន ១០ម៉ឺនដុល្លារ ហើយបានប្រគល់ប្រាក់សងវិញ ចំនួន ៥ម៉ឺនដុល្លារ។ បន្ទាប់ពីស្រង់បញ្ជីគ្រប់ឣតិថិជនទើបដឹងថា ឈ្មោះ ឈុន ស៊ីណា ជាបុគ្គលិកផ្នែកលក់បានកេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុនតាំងពីឆ្នាំ២០១៥ រហូតមកដល់ដើមឆ្នាំ២០២៤ ឣស់ទឹកប្រាក់ សរុបចំនួន ៣៥ ៣៧៦១ដុល្លារ (បីសែនប្រាំម៉ឺនបីពាន់ប្រាំពីររយ ហុកសិបមួយដុល្លារ)។

ក្រោយពីទទួលបានពាក្យបណ្ដឹង និងទទួលបានបព្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាវឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី លោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញាឣមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះនាំខ្លួនឈ្មោះ ឈុន ស៊ីណា មកកាន់មូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមមិនិតិវិធី។

ជនសង្ស័យឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពថា «ខ្លួនពិតជាបានកេងប្រវ័ញ្ចប្រាក់ដែលខ្លួនប្រមូលបានពី
ឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត យកមកបើកកន្លែងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន ទិញឡាន និងគ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន»។ 

ជនសង្ស័យ កម្លាំជំនាញមូលដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕