2024-04-25 08:04
22

កំពត៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានបញ្ជាក់ថា តុលាការបានសម្រច បង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៩៥ គណនី, បង្កកអចលនវត្ថុ (ដី) ចំនួន ១.៧៩១ ក្បាលដី, ស្តាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥.៦៨០ នាក់ និងសាក្សីជាអាជ្ញាធរ ចំនួន ២៤៩ នាក់។
អ្នកនាំពាក្យតុលាការខេត្តកំពត បានបញ្ជាក់ថា «តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ១០ នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ចំនួន ០៩នាក់ ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទ ចំនួន ១០នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ និងបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។ 
   អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមបញ្ជាក់ជូនថា «សាលាដំបូងខេត្តកំពត កំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹង ក្រុមហ៊ុន ជា សារិន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារិន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន»។
ចំពោះលទ្ធផលនៃកិច្ចស៊ើបសួរកន្លងមក អ្នកនាំពាក្យពាក្យ បានបញ្ជាក់បន្ថែមថា៖ «ចៅក្រមស៊ើបសួរ ជាមួយនឹងក្រឡាបញ្ជីបានទៅស្តាប់ចម្លើយ និងធ្វើកំណត់ហេតុ ស្តីពី ការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំពោះមុខចៅក្រមស៊ើបសួរ លើជនរងគ្រោះទាំង ៩ ក្រុង-ស្រុក នៃខេត្តកំពត ដល់មូលដ្ឋាន និងការស្តាប់ចម្លើយរបស់ជនរងគ្រោះដែលនៅក្រៅខេត្តកំពត (សរុបចំនួន ៥.៦៨០នាក់ រួចរាល់) និងសាកសួរសាក្សីជាអាជ្ញាធរ (សរុបចំនួន ២៤៩នាក់ រួចរាល់) ដែលជាហេតុផលនាំឱ្យត្រូវការពេលវេលា សមរម្យក្នុងការស៊ើបសួរ»។ 
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យតុលាការខេត្តកំពត់ បានបញ្ជាក់ថា «ដោយសារតែសំណុំរឿងនេះមានភាពស្មុគស្មាញ មានជនជាប់ទាក់ទិន និងមានជនរងគ្រោះច្រើននាក់ ហេតុនេះតុលាការ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ហើយនឹងកំពុងតែបន្តចំណាត់ការលើអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងរកការពិត ដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាម នីតិវិធីច្បាប់»៕