2024-03-05 12:03
50

ឯកឧត្តម សុខ ពេញវុធ អភិបាលរង រាជធានីភ្នំពេញបានថ្លែងថា ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃ គម្រោងមូលនិធិ អភិវឌ្ឍន៍សង្កាត់ ទាំង១១ ក្នុងខណ្ឌដូនពេញ សម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃ លើ៥០% យើងនឹងទទួលយក តែ បើដាក់ដេញថ្លៃក្នុងតម្លៃ ទាបជាង ៥០% គឺ មិនទទួលយកឡើយ។ 

ឯកឧត្តម បន្ដថា ការដាក់ឱ្យដេញថ្លៃនេះ ជាការបើកឱកាសឲ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយតម្លាភាពនិង មានការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកសាងសមិទ្ធិផលក្នុងមូលដ្ឋានសង្កាត់នីមួយៗឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។តែបើដាក់ដេញថ្លៃទាបពេកឲ្យតែទទួលបានគម្រោងនោះ  អ្នកអនុវត្តគម្រោង ឬ អ្នកម៉ៅការ នឹងបាត់បង់ភាពទទួលខុសត្រូវ ឯកឧត្តម សុខ ពេញ វុធ បានលើកឡើងថា នៅខណ្ឌដូនពេញមានផលប៉ះពាល់ច្រើនជាងខណ្ឌដទៃ   កាលពីឆ្នាំកន្លងទៅ មានក្រុមហ៊ុនខ្លះ ដាក់ដេញថ្លៃ ក្នុងតម្លៃ ទាប គឺតិចជាង៥០% នៃតម្លៃគ្រោង ។ ប៉ុន្តែនៅពេលអនុវត្តគម្រោង ក្រុនហ៊ុននោះមានបញ្ហា មិនចេះចប់មិនចេះហើយ ទីបំផុតរត់ចោលគម្រោងតែម្ដង ដែលធ្វើឲ្យម្ចាស់គម្រោងមានការខាតបង់ ។ឯកឧត្តម បានលើក ឡើងដូចនេះ ក្នុងឱកាសបើកដេញថ្លៃគម្រោងមូលនិធិ អភិវឌ្ឍន៍សង្កាត់ ក្នុងខណ្ឌដូនពេញ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី ០៥ ខែឆ្នាំ ២០២៤ នៅសាលាខណ្ឌដូនពេញ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញបានស្នើដល់ក្រុមហ៊ុនដែលដេញថ្លៃបាន ក៏ដូចជាអ្នកមានតួនាទីពាក់ព័ន្ធទៅនិងការអភិវឌ្ឍមូលដ្ឋាននេះ សូមទទួលខុសត្រូវ ទាំងគុណភាព សុវត្ថិភាព និង ផ្ដល់ការជឿជាក់    ដល់ ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ម្យ៉ាងទៀត ដើម្បីឲ្យដំណើរការនេះ ប្រព្រឹត្ត ទៅជាសាធារណៈប្រកបដោយភាពរលូនមានតម្លាភាព គណនេយ្យភាព យុត្តិធម៌អាចជឿទុកចិត្តបាន សូមឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងការដេញថ្លៃនាពេលនេះ ត្រូវតែប្រកាន់យកនឹងគប្បី អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទួលម៉ៅការ។ 

ជាមួយនេះ ឯកឧត្តម សុខ ពេញវុធ បានណែនាំដល់ក្រុមហ៊ុន ម៉ៅការ ក្រោយការដេញថ្លៃបាន ត្រូវគោរពនីតិវិធីកិច្ចសន្យានិងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង។បន្ថែមពីនេះក៏ត្រូវតែធានាសុវត្ថិភាពការ ដ្ឋាននិងសុវត្ថិភាពសាធារណៈចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋានផងដែរ។

លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ បានបន្ថែមថា ក្រុមហ៊ុនដែលដេញថ្លៃបានក្នុងតម្លៃទាបជាង៥០% នៃតម្លៃគ្រោង រដ្ឋបាលខណ្ឌ មិនផ្ដល់គម្រោងឲ្យយកទៅអនុវត្តឡើយ គឺត្រូវដេញថ្លៃឡើងវិញ ។ការធ្វើដូចនេះគឺដោយសារ  លោកមានការព្រួយបារម្ភ ទៅលើគុណភាពគម្រោង  ។ លោក បានស្នើឲ្យភាគីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាសង្កាត់ត្រូវចូលរួមពិនិត្យនិងតាមដាននូវរាល់ការអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឹងម៉ាត់បំផុត ពិសេស គម្រោងដែលមានតម្លៃទាប ដើម្បីឱ្យធានាថា លទ្ធផលនៃការអភិវឌ្ឍគម្រោងនេះមានប្រសិទ្ធភាពខ្ពស់ និង មានគុណភាពយូរអង្វែង ឆ្លើយតបទៅនឹងការផ្ដល់ជំនឿចិត្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋ ៕