2024-01-27 11:01
136

នាពេលបច្ចុប្បន្ន​ ការប្រេី Sowar Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡេីងកាន់តែច្រេីន ។ Sowar Crack គឺជាសកម្មភាពនៃការប្រើ Sowar មិនស្របច្បាប់​ដែលផ្តល់ឱ្យអតិថិជនអាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹង Sowar ផ្លូវការរបស់អ្នកផលិតដោយមិនបង់ប្រាក់ ។

 ទន្ទឹមគ្នានេះ​ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីគ្រោះថ្នាក់​កេីតចេញពីការប្រេីសុសវែរ Crack​ ដូចខាងក្រោម៖

 - ផ្លូវច្បាប់៖ ការប្រេី Sowar Crack គឺជាការរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ម្ចាស់ផលិតផល ដែលអាចនាំឱ្យអ្នកប្រើប្រាស់ប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ​ ដូចជាទទួលរងការផាកពិន័យ ជាដេីម ។

 - ការគំរាមកំហែងផ្នែកសុវត្ថិភាព៖ Sowar Crack ត្រូវបានប្រេីប្រាស់ដេីម្បីបង្កប់មេរោគកុំព្យូទ័រ ។ ក្រុមវាយប្រហារ Hacker អាចបង្កប់កូដមេរោគ ដេីម្បីជ្រៀតចូល​ វាយប្រហារប្រព័ន្ធ ឬលួចទិន្នន័យសំខាន់ៗរបស់អង្គភាព​ ឬអ្នកប្រេីប្រាស់ ។ 

 - ប្រព័ន្ធដំណើរការមិនប្រក្រតី៖ Sowar Crack អាចនាំឱ្យកម្មវិធីកុំព្យូទ័រ​ដំណេីរការរអាក់រហួល​ ឬឈានដល់ការបាត់បង់ទិន្នន័យផងដែរ ។ 

 - មិនអាចធ្វើបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់​ Sowar Crack នឹងខកខានក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាព និងការជួសជុលលើបញ្ហាផ្សេងៗ ទៅកាន់ម៉ាស៊ីនមេរបស់កម្មវិធីផ្លូវការ ដែលអាចនាំឱ្យប្រព័ន្ធរបស់អ្នកប្រើប្រាស់ងាយរងគ្រោះពីការវាយប្រហារផ្សេងៗ។

 - មិនមានការគាំទ្របច្ចេកទេស៖ Sowar Crack ពុំអាចទទួលបានជំនួយបច្ចេកទេសពីក្រុមហ៊ុនផលិតកម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។

 - បញ្ហាវិជ្ជាជីវៈ៖ ការប្រើប្រាស់ Sowar Crack គឺជាការបង្អាក់ និងមិនផ្តល់តម្លៃដល់ស្នាដៃអ្នកខិតខំបង្កើតអភិវឌ្ឍកម្មវិធី ដែលនាំឱ្យម្ចាស់កម្មសិទ្ធិបញ្ញាមិនទទួលបានប្រាក់ចំណូលពីការខិតខំប្រឹងប្រែង និងរារាំងក្នុងការបង្កើតអ្វីថ្មីបន្ថែមទៀត ៕