2024-03-04 01:03
63

ភ្នំពេញ៖ ឧក្រឹដ្ឋជនគ្រឿងញៀនប្រុស-ស្រី ចំនួន០២នាក់ ជាជនជាតិកូរ៉េ បានរៀបចំផែនការរត់ពន្ធគ្រឿងញៀនដោយខុសច្បាប់ចេញពីកម្ពុជាឆ្ពោះទៅប្រទេសកូរ៉េ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំប្រលានយន្តហោះឆែកឃើញរុំនឹងខ្លួនជាង ០២គីឡូក្រាម ត្រូវបានបង្ក្រាមភ្លាមៗ។

ករណីប៉ុនប៉ងរត់ពន្ធគ្រឿងញៀនដោយខុសច្បាប់ខាងលើនេះ បានកើតឡើងយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានមន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិកូរ៉េប្រុស-ស្រីចំនួន ០២នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ ឆែករកឃើញគ្រឿងញៀនតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការត្រួតពិនិត្យលើដងខ្លួនជនជាតិកូរ៉េទាំង ០២នាក់ មន្ត្រីសាខាគយ និងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរ។ តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ម្សៅពណ៌សទាំងនោះជាគ្រឿងញៀន ប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕