2024-03-28 11:03
36

សៀមរាប៖ ក្រុមការងារអនុគណៈកម្មការសុត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកសូទ្រនិគម។

ការចុះរឹតបន្តឹង និងត្រួតពិនិត្យការកែច្នៃរថយន្តខុសលក្ខណបច្ចេកទេសនេះ ធ្វើឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្រុមការងារចម្រុះបានឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងកងរាជអាវុធហត្ថ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន។

ក្រុមការងារបានពន្យល់ និងអប់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោក  «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍», «គិតពីសុវត្ថិភាពអ្នក និងអ្នកដ៏ទៃ កុំដឹកឬផ្ទុកទំនិញ លើសចំណុះ» និង «ការប្រើប្រាស់នូវគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»៕