2023-06-28 06:06
281


ភ្នំពេញ៖   តុលាការរាជធានីភ្នំពេញ បានសម្រេចតម្កល់បទចោទលោក ឡាយ សំណាង អនុប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធការប្រព្រឹត្តអំពើ ពុករលួយ កិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការ សម្អាតប្រាក់។ 


ការសម្រេចកាតម្កល់ការប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីអង្គសវនាការបានសួរដេញដោលលើជនត្រូវចោទបានបញ្ចប់លោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្តីសន្និដ្ឋានដោយសម្រេចតម្កល់បទចោទលើ លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។ 
បន្ទាប់សេចក្តីសន្និដ្ឋានតម្កល់បទចោទរបស់អយ្យការលោកស្រី លី សុខវួច ដែលជាចៅក្រមជំនុំជម្រះ បានប្រកាសសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ 
សូមរំឭកថា លោក ឡាយ សំណាង អតីតីអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការកិបកេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។

ក្រៅពីកិបកេងថវិការដ្ឋជាង ៣៨ម៉ឺនដុល្លារ ជនសង្ស័យរូបនេះ ក៏ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ ទើប ACU ចាប់ខ្លួនបញ្ជូនមកតុលាការចាត់ការតាមច្បាប់។ 
សូមបញ្ជាក់ថា ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំង អំពើពុករលួយ (ACU) មានលក្ខណៈម៉ត់ចត់ ប្រមូលគ្រប់ជ្រុងជ្រោយដោយប្រើពេលរហូតទៅដល់ ១៣ខែ បានឈានដល់ថ្ងៃឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា និងបានបញ្ជូនទៅតុលាការ៕