2024-02-21 07:02
70

ពោធិ៍សាត់៖ ក្រុមគ្រួសារជរងគ្រោះ ចំនួន ០៣នាក់ ប្តីប្រពន្ធ និងម្តាយ ក្នុងអំពើបាញ់ប្រហារយ៉ាងសាហាវឃោរឃៅក្នុងក្រុងពោធិ៍សាត់ នាពេលកន្លងទៅថ្មីៗ បានជាសះស្បើយពីស្មាមរបួស និងបានវិលត្រឡប់ទៅផ្ទះវិញ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមានយកចិត្តទុកដាក់ពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ផងដែរ។
   សូមជម្រាបថា ហេតុការណ៍នៃអំពើបាញ់ប្រហារនេះ កើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៨និង៤០នាទី ក្រុមខ្មាន់កាំភ្លើង ចំនួន ០២នាក់ បានចូលបាញ់ស្រោច ចំនួន ០៦គ្រាប់ លើជនរងគ្រោះដល់ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈពេលជួបជុំគ្នារៀបចំអាហារពេលល្ងាច បណ្តាលឱ្យរងរបួសធ្ងន់ចំនួន ០៣នាក់ ប្តី ប្រពន្ធ និងម្តាយ។
   តាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់មុខ មានគ្នាចំនួន ០២នាក់ ប្រដាប់ដោយអាវុធខ្លី មិនស្គាល់ម៉ាក ជិះម៉ូតូ ០១គ្រឿង គ្មានស្លាកលេខ មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរសំដៅចូលទៅបាញ់បណ្ដាលឱ្យរងរបួសមនុស្សប្រុសស្រី ចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកម្មទិញ-លក់ត្រី រងរបួសស្រាល, ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ (បែកថ្លើម ធ្លាយថង់ប្រម៉ាត់ និងធ្លាយក្រពះ និង ទី៣- ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ជនរងរបួសស្រាល។ ក្រោយពេលកើតហេតុ ជនដៃដល់បានឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

   ចំពោះករណីបាញ់ប្រហារដ៏សាហារលើក្រុមគ្រួសារអាជីវករលក់ ទិញត្រីទាំង ០៣នាក់ សមត្ថកិច្ចបានសន្និដ្ឋានថាជាករណីរឿងគំនុំផ្ទាល់ខ្លួន ប៉ុន្តែនគរបាលមិនបានលម្អិតអំពីដើមចមនៃសាច់រឿងឡើយ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមខ្មាន់កាំភ្លើងមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕