2023-04-30 08:04
359


ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបុរសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូSUZUKI LETSឌុបគ្នាយ៉ាងលឿនទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យដួលខ្ទាតមនុស្សបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង នៅត្រង់ចំណុចមុខ សាលាបឋមសិក្សា ហ៊ុន សែន ត្រពាំងរាំង តាមបណ្តោយផ្លូវ វិមានឈ្នះ=ឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 


    ជនរងគ្រោះទាំងពីរនាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អ្នកដែលស្លាប់មានភិនភាគ សម្បុរខ្មៅស្រអែម កម្ពួស់ប្រហែល១ម៉ែត្រ៦៥ ពាក់អាវយីតដៃខ្លីពណ៌ស  ស្លៀកខោសាច់ក្រណាត់ជើងវែងពណ៌ប្រផេះ ពាក់ស្បែកជើងប៉ាតាពណ៌សនិងជិះម៉ូតូម៉ាកSUZUKI LETS ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1HX-4166. ។
    តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកSUZUKI LETS បើកតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនឹងខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សទៅបោកផ្ទុប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវបែកមួកសុវត្តិភាពខ្ទេចបណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិត។
    ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌសែនសុខបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពឱ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕