2023-10-10 02:10
298

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅគ្រាដែលគេបញ្ជូនសង្រ្គោះ និងចំនួន០៧នាក់បានរងរបួសស្រាលធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដែលគេសង្ស័យអាចបណ្ដាលមកពីកក្តាល្បឿន ។

ប្រភពនានាជុំវិញកន្លែងកើតហេតុ បានឲ្យនាល្ងាចថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះថា នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដែលគេសង្ស័យបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A 7066 ឈ្មោះ ប៉ាន់ ហួរ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងព្រិច ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង(ពុំរងរបួសទេ)បានធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ពេលបញ្ជូនទៅសង្រ្គោះ និងអ្នករួមដំណើរប្រពន្ធ និងកូនៗរងរបួសធ្ងន់ ។

ប្រភពឲ្យដឹងទៀតថា អ្នកបើកបរម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1J 9229 ឈ្មោះ ញ៉ រ៉ម ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)អ្នករួមដំណើរ(ប្រពន្ធ)ឈ្មោះ ភាព ស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់)និងកូនៗស្រីប្រុសឈ្មោះ រ៉ម ស្រីអុីន អាយុ ៦ឆ្នាំ(ធ្ងន់)ឈ្មោះ រ៉ម រ៉ន អាយុ ៣ឆ្នាំ(ធ្ងន់)គ្រួសារជនរងគ្រោះ មានទីលំនៅ ភូមិ.ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បច្ចុប្បន្ន ជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ វត្ថុតាងម៉ូតូ និងរថយន្តរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរតាប៉ោង មូលហេតុៈ សង្ស័យប្រើប្រាស់ល្បឿនលឿន នៅទីប្រជុំជន ។

ដោយឡែកៈ ប្រភពព័ត៌មានពីខាងស្រុកកណ្ដៀងឲ្យដឹងដែរថា នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិទួលគូរ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកបើកបរម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1J 8276 ឈ្មោះ ថី ធី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្ដីស្វិត ឃុំស្រែស្ដុក ស្រុកកណ្ដៀង លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយអ្នកជិះម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ឌុបប្រពន្ធ និងកូន(បត់ចូលផ្ទះ)បណ្ដាលឲ្យរងរបួសយ៉ាដំណុំដូចគ្នា សរុបចំនួន៤នាក់ បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំស្រែស្ដុក ចំណែក វត្ថុតាងម៉ូតូទាំង២គ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែស្ដុក ៕