2023-06-02 06:06
248


លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនំាពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីអនុវត្តវិធានរដ្ឋបាលចំពោះអ្នកទន្រ្ទានកាន់កាប់ដីរដ្ឋ ដែលនៅសល់ពីការដោះស្រាយបែងចែកជូនប្រជាពលរដ្ឋក្រុម ២០០គ្រួសារ ស្ថិតនៅភូមិត្រពាំងកណ្តោល ភូមិជីខ និងភូមិឈូក ឃុំជីខ និងក្រុម១៧៥គ្រួសារ ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ភូមិជីខ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ដីដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ ទិញលក់ នៅក្នុងទីតាំងខាងលើនេះ ជាដីរដ្ឋដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)រួចហើយ ដែលទុកសម្រាប់ដោះស្រាយ ជូនប្រជាពលរដ្ឋ និងសម្រាប់បម្រើប្រយោជន៍សាធារណៈ។ តាមរយៈកិច្ចប្រជុំនេះ លោក សុខ សុទ្ធី បានណែនាំ និងអង្គប្រជុំបានឯកភាពដូចខាងក្រោម៖


១. រដ្ឋបាលខេត្តនឹងអនុវត្តវិធានរដ្ឋបាលចំពោះប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ និងទិញលក់ដីរដ្ឋដោយខុសច្បាប់ នូវដីដែលសល់ពីការដោះស្រាយបែងចែកជូនប្រជាពលរដ្ឋក្រុម២០០គ្រួសារ និងក្រុម១៧៥គ្រួសារ 
២. រដ្ឋបាលស្រុកនឹងបង្កើតឱ្យមានប៉ុស្តិ៍នគរបាលនៅទីតាំងដីខាងលើ
៣. លិខិតទិញលក់ដី លិខិតផ្ទេរសិទ្ធិកាន់កាប់ដី និងលិខិតផ្សេងៗពាក់ព័ន្ធនឹងការកាន់កាប់ដីរដ្ឋស្ថិតនៅក្នុងទីតាំងដីខាងលើនេះ នឹងត្រូវនិរាករណ៍ដោយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត
៤. មុននឹងរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាល រដ្ឋបាលខេត្តទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋរុះរើផ្ទះ របង ដកដំណាំដោយខ្លួនឯង ដោយមានការជូនដំណឹងជាលាយលក្ខអក្សរពីរដ្ឋបាលស្រុកស្រែអំបិលចំនួន បីដង
៥. បន្ទាប់ពីមានការជូនដំណឹងឱ្យរុះរើដោយស្ម័គ្រចិត្តចំនួនបីដងពីរដ្ឋបាលស្រុកស្រែអំបិល ហើយប្រជាពលរដ្ឋនៅតែមិនរុះរើការ្យទាំងពួងរបស់ខ្លួនដោយខ្លួនឯង រដ្ឋបាលខេត្តនឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើនិងមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋទេ។
ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣