2023-10-20 05:10
253

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនបានហេីយ និងកំពុងសាកសួររកបក្ខពួកដែលរត់គេចខ្លួនយកមកដាក់ទោសតាមច្បាប់។ 

សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកទូរស័ព្ទនិងលុយ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០និង២០នាទី នៅចំណុចភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យឈ្មោះ អេង ណាវីន ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារៈបាត់បង់៖ ទូរស័ព្ទម៉ាក Iphnoe11 ពណ៌ស្វាយ និងលុយចំនួន១ម៉ឺនរៀល។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕