2023-10-02 03:10
162

កំពង់ឆ្នាំង៖ ក្រុមសកម្មជនយុវជនខេត្ត និងប្រជាសហគមប្រមាណជិត ២០០នាក់ បានចុះសិក្សាស្វែងយល់ និងជួយផ្សព្វផ្សាយការពារតំបន់ការពារ “ទឹកធ្លាក់ស្រែអំពិល” ក្រោមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ 

 អនុវត្តតាមការណែនាំរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៣ ក្រុមសកម្មជន នៃក្រុមការងារយុវជនខេត្ត ចំនួន ៥០នាក់ បានចុះសិក្សាស្វែងយល់ ដើម្បីជួយផ្សព្វផ្សាយកិច្ចការពារតំបន់ការពារធម្មជាតិ “ទឹកធ្លាក់ស្រែអំពិល” ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

 កម្មវិធីខាងលើនេះ មានការចូលរួមពីកង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីមន្ទីរបរិស្ថាន លោកមេឃុំ និងលោកប្រធានសហគមន៍ទេសចរណ៍តំបន់ធម្មជាតិ “ទឹកធ្លាក់ស្រែអំពិល” ប្រជាការពារសហគមន៍សរុបមានចំនួន ១២០នាក់។ 

 លោក ឈៀង ថារិទ្ធ ប្រធានក្រុមសកម្មជនយុវជនខេត្ត បានលើកឡើងថា កម្មវិធីយល់ដឹងអំពីយុវជននិងបរិស្ថាននៅថ្ងៃនេះ គឺមានគោលបំណងឲ្យក្រុមសកម្មជនយុវជនយើងជួយអប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅក្នុងតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពើនេះ ឱ្យបានយល់ច្បាស់ និងចូលរួមក្នុងកិច្ចការពារព្រៃឈើធម្មជាតិក្នុងដែនបរិស្ថាន និងក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យមកលេងកម្សាន្តឱ្យបានច្រើន ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ 

 លោក សោ ភា ប្រធានសហគមន៍ទេសចរណ៍តំបន់ការពារធម្មជាតិ “ទឹកធ្លាក់ស្រែអំពិល” បានឲ្យដឹងថា សហគមន៍លោកបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៧ ហើយសហគមន៍មានសមាជិកសរុបចំនួន៥៥៤ គ្រួសារ នៅក្នុងភូមិចំនួន៤ នៃឃុំក្តុលសែនជ័យ ដោយឡែកសមាជិកសកម្មមានចំនួន ៤៣នាក់។ 

 ក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន បានជួយដល់សហគមន៍មកសាងបានចំណតរថយន្តមួយកន្លែងដែលអាចចតរថយន្តបាន ១៤០គ្រឿង ចំណតម៉ូតូមួយកន្លែង។ ក្នុងនោះសហគមន៍មានតូបលក់ដូរ ១៥តូប មានបន្ទប់ ទឹក ៤កន្លែង ស្មើនឹង ៣៤បន្ទប់ក្នុងនោះក៏មានបន្ទប់ទឹកសម្រាប់ជនពិការតាមស្តង់ដារផងដែរ មានកញ្ចុស ៧ ខ្នងស្មើនឹង ៥៣បន្លោះ មានស្ពាន ១កន្លែង និងមានទំនប់បង្ហៀរទឹក ១កន្លែង និងកន្លែងបោះតង់លើភ្នំ១កន្លែងផងដែរ។ 

 សហគមន៍ក៏មានសម្ភារៈសម្រាប់សង្គ្រោះបឋមផងដែរ ពេលមានភ្ញៀវទេសចរណ៍មានគ្រោះថ្នាក់ស្រាលៗ និងក៏មានគោលការណ៍ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពក្តុល់សែនជ័យ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ 

 លោក មឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឲ្យដឹងថា ឃុំរបស់លោកមាន ៦ភូមិ មានផ្ទៃដីសរុប ៣៥.៥៥៨ ហិចតា, ប្រជាពលរដ្ឋសរុប ១ ៩៨៥គ្រួសារ និងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ មានចម្ងាយផ្លូវប្រមាណ ៧០ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។ 

 លោកមេឃុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ   និងភ្ញៀវទេសចរណ៍ទាំងអស់ដែលមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលសូមចូលរួមការពារបរិស្ថានធម្មជាតិដោយត្រូវសំរាមក្នុងធុងជានិច្ច និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច តាមការអំពាវនាវរបស់ក្រសួងបរិស្ថាន។ 

 នៅក្នុងកម្មវិធីនេះដែរក្រុមសកម្មជនយុវជនខេត្តបានជួយឧបត្ថម្ភកន្ត្រកដាក់សំរាមចំនួន ១៥កន្ត្រកជូនដល់សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលផងដែ៕