2023-07-27 10:07
202

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប នៅថៃ្ងទី២៧ ខែកក្កដា នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន ៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣, លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣, លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣ ដែលមានក្រុមប្រឹក្សាជំនុំជម្រះឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិកក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ចំនួន ០៧រូបទៀត។

ក្នុងចំណោមបណ្តឹង/សំណុំរឿងទាំង ៥ រួមមាន ៖ ០២បណ្តឹង ប្តឹងតវ៉ាឲ្យ គ.ជ.ប ច្រានចោលសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលពិន័យចុងចោទញុះញង់ឲ្យមានការបំផ្លាញសន្លឹកឆ្នោត និងបណ្តឹងចំនួន ០៣ទៀតរបស់ គណបក្សប្រជាជនកម្ពុជាប្តឹងដើម្បីឲ្យ គ.ជ.ប បន្ថែមទោសលើជនដែលបង្ហោះសារញុះញង់ឲ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត។

ក្រោយពីការដេញដោលអត់រយៈពេលពេញមួយថ្ងៃជាលទ្ធផលក្រុមប្រឹក្សាសម្រេច ដូចខាងក្រោម៖

- សំណុំរឿងលេខ ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

- សំណុំរឿងលេខ ០០២ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

- សំណុំរឿងលេខ ០០៣ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

- សំណុំរឿងលេខ ០០៤ និងលេខ ០០៥ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ការសេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់ផងដែរ៕