2023-05-31 04:05
200

ភ្នំពេញ៖ ទីបំផុត! សំណុំរឿងករណីក្រុមចោរប្លន់ស្ត្រីជាអាជីវករលក់គ្រឿងអលង្កា និងប្តូរប្រាក់ នៅផ្សារស្ទឹងមានជ័យចាស់ទាំងព្រឹកព្រលឹមកាលពីពេលថ្មីៗកន្លងមកនេះ ត្រូវកម្លាំងសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនទាំងសំបុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញមុខក្រុមជនសង្ស័យ ចំនួន ០៨នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់ នៅផ្សារស្ទឹងមានជ័យ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង១០នាទី ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនបាន។

របាយការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ជនសង្ស័យទាំង ០៨នាក់ រួមមាន៖

ទី១- ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ទី២- ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

ទី៣- ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ 

ទី៤- ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទី៥- ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ។

ទី៦- ឈ្មោះ ម៉ៅ មន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ទី៧- ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៨- ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទដៃ នៅផ្ទះជួល ផ្លូវលំភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមជម្រាបថា នីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មានករណីក្រុមចោរធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបស្ពាយពីស្ត្រីជាអាជីវករលក់គ្រឿងអលង្កា និងប្តូរប្រាក់ នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីប្លន់ប្រដាប់អាវុធនោះ ក្រោយចោរបានប្លន់យកបានមាស ចំនួន ១២តម្លឹង ,ផ្លាកទីនទឹក៣ និងទឹក៧ ចំនួនជាង ១០០តម្លឹង និងប្រាក់ចំនួន ១លានរៀលជាង។

ក្នុងករណីខាងលើ ក្រុមមុខសញ្ញចោរប្លន់មានបក្ខពួកចំនួន ០៥នាក់ ជិះម៉ូតូ ចំនួន ០២គ្រឿង និងរ៉ឺម៉ក ម៉ូតូចំនួន ០១គ្រឿង ប្រដាប់ដោយអាវុធខ្លី ចំនួន ០៤ដើម បានភ្ជង់ដណ្តើមយកការបូបដាក់គ្រឿងអលង្កា ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ខ្មៅ បានសម្រេចបានវាយប្តីរបស់ស្ត្រីជាម្ខាស់ការបូបបណ្តាលឲ្យបែកក្បាលខណៈពេលចូលទៅជួយ និងបានបាញ់គំរាមរួចក្រុមចោរបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

នគរបាលបាលឲ្យដឹងថ បន្ទាប់ពីធ្វេីការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តឫុកដាក់ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ  ,ខេត្តកណ្តាល ,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ។

ចំពោះវត្ថុតាងចាប់យក រួមមាន៖ 

១- ស្បែកជើងប៉ាតា ពណ៌ខ្មៅ ចំនួន ០១ គូ ,អាវសាច់ក្រណាត់ ពណ៌ក្រហម ,ខោជើងវែង ពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាព ពណ៌ខ្មៅ ចំនួន ០១  ,បៀរ ០២ហ៊ូ និងក្រមា ពណ៌ក្រហម។

២- អាវុធខ្លី ម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និងបង់ចំនួន ០១។

៣- អាវុធខ្លី ម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និងបង់ចំនួន ០១។

៤- អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន ០១។

៥- អាវុធខ្លី ម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ដើម និងបង់ ចំនួន ០២ ,គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់ ,គ្រាប់អាវុធខ្លី ម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ ,ទូរសព្ទដៃ ម៉ាកវីវ៉ូ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ,ទូរសព្ទដៃ ម៉ាកអាយហ្វូន ពណ៌ស ចំនួន ០១គ្រឿង ,ទូរសព្ទដៃ ម៉ាកណូគៀ (ចុចពិល) ពណ៌ស ចំនួន ០១គ្រឿង ,ទូរសព្ទដៃ ម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១គ្រឿង។

៦- ម៉ូតូ ម៉ាក ហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ 1V-9631 ចំនួន ០១គ្រឿង ,ម៉ូតូ ម៉ាក ហុងដាឃ្លីក ពណ៌ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ 1O-2162 ,ម៉ូតូ ម៉ាក ស៊ុយហ្ស៊ុយគីស្មាស ពណ៌ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GK- 7277 ចំនួន ០១គ្រឿង និងរ៉ឺម៉កម៉ូតូ ពណ៌ក្រហម គ្មានផ្លាកលេខ ចំនួន ០១គ្រឿង។

៧- ភស្តតាងចាប់យកគ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន ខ្សែក ,ចិញ្ចៀន ,ខ្សែដៃ ,បន្តោងខ្សែក បានប្រគល់ជួនជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕