2023-05-01 02:05
350


ភ្នំពេញ៖ កាលពីវេលាម៉ោង ០៦និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លុះដល់ម៉ោង ០១និង១០នាទីយប់ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់ រហូតដល់បង្ក្រាបករណីគ្រឿងញៀនជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងដកហូតក្រាមសថ្លា ១៤កញ្ចប់ថង់តូច។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ ឡាច ជាលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រក្សាទុក), ទី២ ឈ្មោះ គុំ វី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ (រក្សាទុក), ទី៣ ឈ្មោះ ផាម យុំាងទុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ (រក្សាទុក) , ទី៤ ឈ្មោះ ខែម ឆាលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជួញដូរ)។ និង ទី៥ ឈ្មោះ ថោង សុផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជួញដូរ)។
ដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដាក់បទបញ្ជាដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវដាក់កម្លាំង ស្រាវជ្រាវ ល្បាតពួនស្ទាក់ ក្នុងមូលដ្ឋាន ដែលស្មុគស្មាញ ដូចនេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពី២ បានអនុវត្តន៍ តាមបទបញ្ជាភ្លាមៗ ដោយឃាត់ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និង រក្សាទុកនូវសារធាតុញៀន ដោយករណីទី១ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ នៅចំណុចផ្ទះគ្មានលេខ  ផ្លូវបេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ធ្វើការដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ០១កញ្ចប់ថង់តូច កាលពីវេលាម៉ោង ១២និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ។ 

ករណីទី២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានបន្តឃាត់ខ្លួនជនសង្ស័យ ០២នាក់បន្ថែមទៀត ដែលឈរតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ដដែល បានដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ថងតូច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានបន្តស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ០២នាក់ទៀត ដែលជាមុខសញ្ញាលក់ គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដដែល បានដកហូតក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ១២កញ្ចប់ថងតូច។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕