2024-03-06 11:03
69

កំពង់ចាម : មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា ៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីសំណង់ មហាកុដិ នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកសាងខុសរចនាបថខ្មែរ ភ្លាមៗនោះ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សាលាគណខេត្ត រដ្ឋបាលស្រុកកំពង់សៀម សាលាអនុគណស្រុកកំពង់សៀម និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យ និងជួបប្រជុំពិភាក្សាជាមួយព្រះ ចៅ អធិការ អាចារ្យ គណៈកម្មការវត្ត បានពិនិត្យឃើញថា៖ សំណង់មហាកុដិនេះ នៅផ្ទៃខាងមុខមានរចនាបថមិនសមស្របជា លក្ខណៈខ្មែរពិតប្រាកដមែន។

សំណង់នេះ ត្រូវបានដំណើរការសាងសង់ចាប់តាំងពីឆ្នាំ២០១៨ មកម៉្លេះ ដោយពុំមានការសុំច្បាប់អនុញ្ញាតសាងសង់នោះឡើយ ហើយនៅពេលចាប់ផ្តើមគម្រោងសាងសង់ដំបូង ព្រះគ្រូចៅអធិការវត្ត ពិតជាបានសិក្សាគំនូសប្លង់ស្ថាបត្យកម្ម ជាមួយនឹងវិស្វករជំនាញត្រឹមត្រូវតាមរចនាបថខ្មែរ ប៉ុន្តែលុះក្រោយមក ព្រះចៅអធិការវត្ត និងជាង បានកែប្រែរចនាបថនេះ ខុសពីប្លង់ដើម នៅផ្នែកខាងមុខ។ សំណង់នេះ ពុំមែនគ្រាន់តែជាកុដិសម្រាប់ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃគង់នៅប៉ុណ្ណោះទេ តែជាសំណង់ជាពហុបំណង កម្ពស់៣ជាន់ នៅជាន់ទីមួយ (ផ្ទាល់ដី) មានបន្ទប់ព្រះចៅអធិការវត្តគង់នៅ មានតម្កល់ព្រះពុទ្ធ បដិមាធំនៅចំកណ្តាល និងមានព្រះពុទ្ធអង្គតូចចំនួន ១០៨អង្គ នៅតាមជញ្ជាំងព័ទ្ធជុំវិញ។ ជាន់ទីពីរ មានតម្កល់ព្រះសារីរិកធាតុជាទីកន្លែងសក្ការៈបូជា មានបន្ទប់បណ្ណាល័យ បន្ទប់ ស្ទីតឌីយ៉ូវិទ្យុផ្សព្វផ្សាយព្រះធម៌។ ជាន់ទីបី គឺជាសាលធំសម្រាប់ធ្វើ វិបស្សនាធុរៈ ដែលមានលម្អដោយគំនូរបែបព្រះពុទ្ធសាសនា មានបង្ហាញអំពីបែបបទជំហាន នៃការធ្វើសមាធិ និងមានបន្ទប់ ដោយឡែក សម្រាប់បកស្រាយព្រះធម៌ ដើម្បីកុំឲ្យមានការរំខានដល់ការធ្វើសមាធិនៅផ្នែកខាងក្រៅ។

ជាដំណោះស្រាយ ព្រះគ្រូចៅអធិការអាចារ្យ គណៈកម្មការវត្ត បានឯកភាពយល់ព្រមដូចខាងក្រោម៖១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។២. សាមីវត្ត យល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។៣. តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។៤. ទីកន្លែងនេះ មិនត្រឹមតែជាទីសេនាសនៈសម្រាប់ព្រះសង្ឃគង់ស្នាក់អាស្រ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែង ដែលបម្រើប្រយោជន៍របស់ព្រះពុទ្ធសាសនា ដែលមានដូចជា៖ បណ្ណាល័យ ទីសក្ការៈបូជា ដែលមានតម្កល់ ព្រះពុទ្ធរូប មានកន្លែងផ្សព្វផ្សាយព្រះធម៌ និងកន្លែងសម្រាប់ធ្វើវិបស្សនា ជាដើម  ៕