2024-04-25 08:04
27

កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្រោយពីការព្រមានឱ្យបុគ្គលជាអ្នកផលិតមាតិការកម្សាន្ត និងជាតារា Tik Tok ល្បីល្បាញឈ្មោះ Santakh ឱ្យលប់រូបភាពមិនសមរម្យភ្ជាប់ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹកជាបន្ទាន់ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានធ្វើការសូមអញ្ជើញបុគ្គលរូបនេះឱ្យចូលខ្លួនមកស្នងការដ្ឋាន ដើម្បីបំភ្លឺនៅរសៀលថ្ងៃទី២៦ ខែមេសា ស្អែកនេះ។
   ក្រោយពេលស្នងការនគរបាលខេត្តកំពត ចេញសារព្រមាន មិនទាន់បានប៉ុន្មាននាទីផង បុគ្គលដែលមានឈ្មោះ Santakh ជាអ្នកផលិតមាតិការ ជាតារា Tik Tok ចេញសារទទួលកំហុស និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលរតរូបភ្ជាប់ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹក ក្នុងលក្ខណៈខ្លួនឈរបន្ទោបង់ថា អាជាកំហុសអចេតនា និងខ្វះការចំណេះដឹង ដែលនាំឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងកែលម្អសោភ័ណ្ឌភាពរបស់ថ្នាក់ដឹកនាំ និងកេរ្តិ៍ឈ្មោះរបស់រដ្ឋបាលខេត្តកំពតធ្ងន់ធ្ងរ។
បន្ទាប់ពីការព្រមានស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះសារបែបនេះថា៖ «ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ ដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន»។
   ក្រោយពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញឱ្យមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរបំភ្លឺ តារា Tik Tok ឈ្មោះ Santakh បានភ័យខ្លួន និងចេញសារបន្ទាន់ភ្លាមៗថា៖ «ជាដំបូងសូមគោរពដល់ថ្នាក់ដឹកនាំ និងសូមគោរពបងប្អូនខ្មែរយើងទូទាំងប្រទេស ខ្ញុំបាទ ស៊ុំ សារុន (ហៅសាន់តា) សូមចេញមុខដឹងនូវកំហុសឆ្គងដែលបានថតរូបមិនគប្បីជាមួយរូបសំណាកសេះសមុទ្រដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោសដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំពុំសូវមានចំណេះដឹងគិតមិនបានវែងឆ្ងាយ»។
អ្នកផលិតមាតិការកម្សាន្តរូបនេះ បានសរសេរបញ្ជាក់ថា៖ «ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាពដែលខ្លួនថតកម្សាន្ត Copy Style តាមបងប្អូន និងបានយកមកដាក់ Story លេងនៅម៉ោង ១២យប់តែ៣នាទីក៏លុបវិញភ្លាមៗ ព្រោះគិតថារូបមានសកម្មភាពមិនសមរម្យ។ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសរបស់ខ្លួនឡើយកំហុសមួយនេះខ្លួននឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និងសង្ឃឹមថាបងប្អូនជនរួមជាតិអត់អោនឲ្យមនុស្សគ្មានការអប់រំដូចខ្លួនផងដែរ»។
   បើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅលើផេកផ្លូវការថា «លោក SantaKH នឹងឡើងមកជួបលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នាល្ងាចនេះ (២៥-០៤-២០២៤) នៅស្នងការដ្ឋាននគរបាលខេត្តកំពត»។
   សូមបញ្ជាក់ថា រូបភាពមួយសន្លឹងរបស់តារា Tik Tok ឈ្មោះ ស៊ុំ សារុន ហៅ Santakh បានបង្ហោះចែកចាលលើបណ្តាញសង្គមភ្ជាប់ជាមួយរូបសំណាកសេះសមុទ្របាញ់ទឹកមានលក្ខណៈឈរបន្ទោបង់ បានបានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ព្រោះជារូបភាពមិនសមរម្យ និងនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំខេត្តដែលខិតខំរៀបចំឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត និងថតរូបអនុសាវរីយ៍ឱ្យកាន់តែច្រើន ប៉ុន្តែបែជាបុគ្គលម្នាក់ យកទៅជាន់ឈ្លីលេងសើចដោយគ្មានការគិតពិចារណាទៅវិញុះ៕