2023-10-20 09:10
249

ភ្នំពេញ៖ គ.ជ.ប បានប្រកាសបិទបញ្ចប់ដំណើរការនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ។ 

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានថ្លែងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ឆ្នាំ២០២៣ ដែលបានចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដែលមានរយៈពេល ១៩ថ្ងៃ។  ក្នុងរយៈពេលនោះទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង ជំនន់ និងភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា និងមានភាពខ្វះខាតតិចតួចបានកើតឡើង ក្នុងការអនុវត្តភារកិច្ចរបស់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ប៉ុន្តែមិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះ ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។ 

លោកបានបន្ដទៀតថា គ.ជ.ប មានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌ គ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមើលឃើញថា មានការិយាល័យចុះឈ្មោះមួយចំនួនបានបង្កើនពេលវេលាចុះឈ្មោះនៅម៉ោងដែលខ្លួន (ក.ច.ប) ត្រូវទទួលទានអាហារថ្ងៃត្រង់ ហើយនៅក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌថ្មីៗកន្លងមកនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅបើកដំណើរការ ដើម្បីរង់ចាំផ្តល់សេវាចុះឈ្មោះបោះឆ្នោតផ្ទួន បងប្អូនប្រជាពលរដ្ឋជាធម្មតា លើកលែងតែថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដែលក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យ ដើម្បីប្រជុំត្រួតពិនិត្យការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ 

លោក ហ៊ែល សារ៉ាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរយៈពេល ១៩ថ្ងៃ  បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ញាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងបកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមការធ្វើប្រតិភូកម្មអំណាចពី គ.ជ.ប និងការកំណត់នៃច្បាប់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នីតិវិធី ចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ 

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ថា អំពីលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖ 
១- អ្នកចុះឈ្មោះបោះឆ្នោតថ្មីមាន ចំនួន ២២៦.០៨៧នាក់ (ស្ត្រីចំនួន ១០៨.០៥៣នាក់) 
២- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមាន ចំនួន ១១៧.៩៩៥នាក់ 
៣- អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោតមាន ចំនួន ១៨.០៥០នាក់ 
៤- អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មីមាន ចំនួន ៤៥.៤០៩នាក់។ 

លោកបន្ថែមថា នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀតនៅក្នុងថ្ងៃទី១៩ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត។ 

លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលពិនិត្យ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ឆ្នាំ២០២៣បរហូតមកទល់ពេលថ្ងៃនេះ គ.ជ.ប ពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។ 
ពាក់ព័ន្ធនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះថា តើអាចសុំប្តូរការិយាល័យចុះឈ្មោះបោះឆ្នោតនៅពេលបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងការលុបឈ្មោះអ្នកស្លាប់ចេញ ពីបញ្ជីបោះឆ្នោតត្រូវមានឯកសារអ្វីខ្លះ? 

គ.ជ.ប បានបញ្ជាក់ជូនថា «នៅពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សាមីខ្លួនត្រូវពិនិត្យ មើលឈ្មោះរបស់ខ្លួន ប្រសិនបើឃើញឈ្មោះរបស់ខ្លួនខុសការិយាល័យបោះឆ្នោត ឬចង់ផ្លាស់ប្តូរ នោះអាចប្តឹងតវា គ.ជ.ប នឹងដោះស្រាយទៅតាមនីតិវិធី។ ជាទូទៅក្រុមចុះឈ្មោះបោះឆ្នោតបានជូនដំណឹងសាមីខ្លួនរួចហើយអំពីទីតាំងការិយាល័យបោះឆ្នោត។ ចំពោះអ្នកស្លាប់ ការលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ត្រូវមានឯកសារគតិយុត្តត្រឹមត្រូវ និងច្បាស់លាស់ ដូចជាលិខិតមរណភាព»។ 

គ.ជ.ប បានបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទីប្រាំមួយជាមួយភាគីពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមមកពីក្រុមប្រឹក្សាធម្មនុញ្ញ, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងព័ត៌មាន, ក្រុមប្រឹក្សាសកម្មភាពជនពិការ, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីស្ថានទូតរុស្ស៊ី, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន ប្រមាណជាង ៥០នាក់ផងដែរ៕