2024-01-23 04:01
73

ពោធិ៍សាត់៖ និស្សិតស្រីម្នាក់ ដែលមានជីវភាពក្រីក្រ ត្រូវបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Ford Ranger បុកនៅភ្លើងស្តុបស្ពានឫស្សីកែវ ត្រូវបានសមាជិកគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា  និងសប្បុរសជននាំយកបច្ច័យមួយចំនួន ដើម្បីចូលរួមរំលែកទុកលំបាកដល់គេហដ្ឋានខេត្តពោធិ៍សាត់ ។

នាព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤  នេះ ស.ស.យ.ក ខេត្តពោធិ៍សាត់ បាននាំយកនូវបច្ច័យ សរុបចំនួន  ១,០៦៥,០០០រៀល  និង  ៣៦០ដុល្លារ  ដែលជាបច្ច័យចូលរួមរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងថវិការបស់ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា  និងនវានុវត្តន៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់  និងសប្បុរសជននានា ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ស្រុក ឃុំ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព កញ្ញា  ង៉ែត  ស្រី ម៉ៅ  ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម ដែលបានទទួលមរណ:ភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្ពាន OCIC ឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។ 

ថវិកាដែលជារបសគ្រួសារ ស.ស.យ.ក ខេត្តពោធិ៍សាត់ និងសប្បុរសជន បាននាំយកទៅដល់គេហដ្ឋាន នៃសព  ស្ថិតនៅ ភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ថវិកាខាងលើនេះ ផ្តល់ជូនគ្រួសារនៃសពតាមរយ: លោក  សំ  ណារិទ្ធិ  អភិបាលស្រុកតាលោសែនជ័យ  និងជាអនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តពោធិ៍សាត់ និង លោក  វេត  វិសេសបញ្ញា  ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្ត  និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ ។

សូមរំលឹកថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨និង៤០នាទីយប់ ស្ថិតនៅចំណុច ភ្លើងស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ ៤០A ផ្លូវលេខ ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្ត ចំនួន ០២គ្រឿង និងម៉ូតូ ចំនួន ០៤គ្រឿង សរុបចំនួន ០៦គ្រឿង បណ្តាលឱ្យមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន ០៤នាក់ ស្រី ០៣នាក់ និងរងរបួសធ្ងន់ ស្រាយ ចំនួន ០៤នាក់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕