2023-06-15 05:06
276


(កំពង់ឆ្នាំង)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធី អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមអធិបតីភាពថ្នាក់ដឹកនាំខេត្ត និងមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រះសង្ឃជាច្រើ នអង្គនាក់ផងដែរ។


បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំមន្ទីរកិច្ចការនារី និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រារព្ធទិវាជាតិអប់រំបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ធ្វើឡើងក្រោមប្រធានបទ TVET ផ្ដល់ជំនាញ និងការងារសមរម្យ។
ទិវាជាតិនេះផងដែរ គឺរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនិងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិតយុវជន មាតាបិតាអាណាព្យាបាល កម្មករនិយោជិក និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណៈជនអោយបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាពដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ទន្ទឹមនឹងនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បន្តគាំទ្រនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយជាតិ ស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧- ២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាព ជំនាញឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និងបន្តជំរុញលើកទឹកចិត្តនិងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឲ្យមានចំណេះដឹងជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារដូច ដែលប្រធានបទនៃទិវាជាតិនេះ ឲ្យបានផុសផុលឱឡារិកអធិកអធមទូទាំងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។
ក្នុងពិធីខាងលើនេះ ក៏មានការតាំងពិពណ៌ផលិតផលម្ហូបអាហារ និងជាផលិតផលសម្រេចដែលផលិតនៅក្នុងសហគមន៍ និងក៏មានការតាំងបង្ហាញនូវគ្រឿងអេឡិចត្រូនិច របស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បង្ហាញដល់សាធារណៈជនក៏ដូចជាភ្ញៀវអ្នកដែលបានចូលរួមនៅក្នុងពិធីខាងលើនេះ។
ក្រុមយុវជនជាអ្នកលក់ចំណីអាហារក្នុងសហគមន៍ ដែលបានយកចំណីអាហារមកដាក់តាំងលក់នៅក្នុងពិធីនេះ ក្នុងនោះក៏មានផលិតផលរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំង ដែលមានផលិតផលជាច្រើនគឺជាស្នាដៃរបស់នារីខ្មែរ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅភូមិអូរសណ្ដាន់ ឃុំទឹកហូតស្រុករលាប្អៀរ ដែលមានលោក ស្រី មាស សុធី ជាប្រធានមជ្ឈមណ្ឌល។
លោកស្រីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ មេត្តាចូលរួមគាំទ្រនូវផលិតផល ដែលជាស្នាដៃរបស់នារីខ្មែរយើង ដើម្បីជាការលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់នារីខ្មែរក្នុងការខិតខំផលិត និងក្រេបជញ្ជក់យកនូវចំណេះជំនាញដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិតទៅអនាគត៕