2023-10-09 01:10
216

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃសៅរ៍ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ ក្រោយពីមានបុរសម្នាក់និងកូនប្រុសម្នាក់ទៀត បាននិយាយបង្ហោះខ្លឹមសារតាមបណ្តាញសង្គមTIK TOK ចោទប្រកាន់មកលើកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរជើងនៅគោលដៅផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថាបានចាប់ឃាត់ម៉ូតូកូនគាត់ និងផាកពិន័យ២២ម៉ឺនរៀល ហើយស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ជូនគាត់ផង។

ចំពោះករណីនេះបើយោងតាមរបាយការណ៍បកស្រាយបំភ្លឺរបស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ឱ្យដឹងថា៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ខណៈដែលកម្លាំងនគរបាលសណ្តាប់ធ្នាប់ ចុះបំពេញភារកិច្ច រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព នៅគោលដៅផ្សារធំថ្មី បន្ទាប់មកក៏ស្រាប់តែមានយុវជនប្រុសស្រី០២នាក់ជាមិត្តភក្តិនឹងគ្នាជិះម៉ូតូ០២គ្រឿង បានធ្វើដំណើរចេញពីផ្លូវលេខ៦៧ បើកឆ្ពោះចូលផ្លូវ១៣៦ នៅខាងត្បូងឆៀងខាងលិចផ្សារធំថ្មី ដោយបានបើកបរបញ្ច្រាសទិសល្មើសផ្លាកសញ្ញាចរាចរណ៍ នាំឱ្យមានហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯងនិងអ្នកដទៃ។

នៅពេលនោះសមត្ថកិច្ចក៏បានហៅឃាត់ម៉ូតូយុវជនទាំង០២គ្រឿង ដើម្បីសួរនាំ និងធ្វើការផាកពិន័យតាមគោលការណ៍ច្បាប់។ ប៉ុន្តែដោយមានការយោគយល់សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យម៉ូតូ០១គ្រឿងចេញទៅ ដោយមិនផាកពិន័យនោះទេ គឺផាកពិន័យម៉ូតូ០១គ្រឿងប៉ុណ្ណោះបើកដោយយុវជនឈ្មោះ សាន សានុត ម៉ូតូម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០២១ កម្លាំង១៥០សេសេ ដែលច្បាប់តម្រូវឱ្យមានប័ណ្ណបើកបរ។ជាមួយគ្នានោះសមត្ថកិច្ចក៏បានណែនាំពន្យល់ប្រាប់យុវជននោះថាបើប្អូនបើកម៉ូតូកម្លាំង១៥០សេសេ គឺត្រូវមានប័ណ្ណបើកបរ។ក្នុងករណីគ្មានប័ណ្ណបើកបរត្រូវផាកពិន័យ១២ម៉ឺនរៀល ចំណែកល្មើសផ្លាកសញ្ញាចរាចរណ៍ផាកពិន័យ១០ម៉ឺនរៀល។ ប៉ុន្តែនៅពេលនោះសមត្ថកិច្ចយោគយល់ដោយប្រាប់ថាផាកពិន័យតែ១០ម៉ឺនរៀលប៉ុណ្ណោះ ការល្មើសផ្លាកសញ្ញាចរាចរណ៍ ហើយនៅពេលនោះសមត្ថកិច្ចមិនទាន់បានផាកពិន័យនោះទេ។

ស្រាប់តែយុវជននោះបានហៅទូរស័ព្ទទៅឪពុករបស់ខ្លួន មកគោលដៅកែងផ្សារធំថ្មីកន្លែងសមត្ថកិច្ចបំពេញភារកិច្ច ហើយបុរសជាឪពុកបានមកដល់មិនស្តាប់ហេតុផលអ្វីទាល់តែសោះនិយាយស្រែកគំហកឡូឡាដាក់សមត្ថកិច្ចបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នឹងរំខានដល់ការបំពេញភារកិច្ចរបស់មន្រ្តីនគរបាល ដែលជាអ្នកអនុវត្តច្បាប់។ ដោយគាត់ស្រែកថាម៉ូតូកូនគាត់នោះចាប់យកទៅខណ្ឌណាក៏យកទៅចុះ គាត់មិនខ្វល់នោះទេ។ ម៉ូតូខាងលើបន្ទាប់មកសមត្ថកិច្ចបាននាំយកមករក្សាទុកនៅទីស្នាក់ការនគរបាលសណ្តាប់ធ្នាប់ផ្សារធំថ្មី ហើយការិយាល័យបានធ្វើការទំនាក់ទំនងអញ្ជើញគាត់ដែលជាម្ចាស់ម៉ូតូ ឱ្យមកយកម៉ូតូតាំងពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ មកម្លេះ ដើម្បីមកធ្វើកិច្ចសន្យា អប់រំ-ណែនាំយកម៉ូតូទៅប្រើប្រាស់វិញ ប៉ុន្តែគាត់មិនបានចូលខ្លួនដោះស្រាយនោះទេ។

លុះនៅថ្ងៃទី០៦ ខែតុលា ស្រាប់តែបុរសជាឪពុកនិងកូនបាននាំគ្នាបង្ហោះតាមបណ្តាញTIK TOK សុំជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីរកយុត្តិធម៌ និងបាននិយាយចោទប្រកាន់នគរបាលសណ្តាប់ធ្នាប់កែងផ្សារធំថ្មី ចាប់ម៉ូតូកូនគាត់ផាកពិន័យ២២ម៉ឺនរៀលទៅវិញ។ ក្រោយពីបានឃើញការផ្សព្វផ្សាយនោះភ្លាម សមត្ថកិច្ចក៏បានព្យាយាមទំនាក់ទំនងម្ចាស់ម៉ូតូឱ្យចូលខ្លួនមកដោះស្រាយ ប៉ុន្តែម្ចាស់ម៉ូតូខាងលើប្រាប់សមត្ថកិច្ចថាជាប់រវល់ទៅស្រុកទាល់តែ០៦ថ្ងៃទៀតទើបចូលខ្លួនមកដោះស្រាយ។ ខ្លឹមសារដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕