2023-07-09 10:07
156


ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងស្តុបបណ្ដាលឱ្យរថយន្តគាបជាប់ទៅមុខលែងរួច  ។ 


         គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ត្រង់ចំណុចទល់មុខបុរីប៉េងហួត ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកFord Ranger ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខកម្ពុជា SMK.8998 ខាងលេី បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតចូលទៅខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងស្តុបយ៉ាងពេញទំហឹងបណ្ដាលឱ្យគាបជាប់ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ 
     ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយតាមច្បាប់ ៕