2024-03-29 04:03
49

ពោធិ៍សាត់៖ ជនសង្ស័យ ចំនួន ១៨នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៦ករណីផ្សេងៗគ្នា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។

លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទនៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចេញប្រតិបត្តិបង្ការ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៦ករណីផ្សេងៗគ្នា។ 

ករណីទី១៖ នៅវេលាម៉ោង ១៦និង២៥នាទី ថ្ងៃទី២៨ ខែមីនា ដោយមានការសម្របសម្រួលនីតិវិធី ដឹកនាំបញ្ជាផ្ទាល់ដោយលោក ប៊ុង តាំងទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ មានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ មេភូមិ កម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ចុះបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅ ភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ស្រី ០២នាក់ ដកហូតវត្ថុតាង រួមមាន: ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ០៧កញ្ចប់, ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង ,ថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន ,ឧបករណ៍ជក់ថ្នាំញៀនចំនួន ,ទូរសព្ទដៃចំនួន ០៤គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។ 

ករណីទី២៖ នៅវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី២៨ ខែមីនា កម្លាំងសមត្ថកិច្ច បានបន្តចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច បន្ទប់ជួល ជនសង្ស័យ ស្ថិតនៅ ភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ ស្រី ០៣នាក់ ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ០២កញ្ចប់, ឧបករណ៍ជក់ថ្នាំញៀន ចំនួន ០១កំប្លេ , ដែកកេះ ចំនួន ០៣ដើម, ទូរសព្ទដៃ ចំនួន ០៣គ្រឿង ,ថែបភ្លែត ចំនួន ០១គ្រឿង, កាបូបលុយចំនួន១។ 

ករណីទី៣៖ នៅវេលាម៉ោង ១៩និង០៥នាទី ថ្ងៃទី២៨ ខែមីនា កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច មុខផ្ទះជនសង្ស័យ (ម្ដុំផ្សារចាស់) ស្ថិតនៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ  ក្រុងពោធិ៍សាត់ ដកហូតវត្ថុតាង  ០១ដើម, ទូរសព្ទដៃ ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ចំនួន ០១សន្លឹក។ 

ករណីទី៤៖ នៅវេលាម៉ោង ២០និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ នៅចំណុច ក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឃាត់ខ្លួនេះនសង្ស័យ ចំនួន ០៤នាក់ នឹងវត្ថុតាង រួមមាន: ម៉ូតូ ចំនួន ០១គ្រឿង ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+)មានសារធាតុញៀន។

ករណីទី៥៖ នៅវេលាម៉ោង ២១និង១០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្តចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ជិតហាងលក់គោយន្ត អេង ហុក ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ឃាត់ខ្លួនបាន ០២នាក់ នឹងវត្ថុតាង រួមមាន: ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន ០៧កញ្ចប់, ទូរសព្ទដៃ ចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន ០១គ្រឿង, កាបូបលុយ ពណ៌ខ្មៅ ចំនួន ០១។

ករណីទី៦៖ នៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុច ផ្ទះជនសង្ស័យ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ នឹងវត្ថុតាង រួមមានៈ ម៉ូតូចំនួន ០១គ្រឿង, ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+) មានសារធាតុញៀន។ 

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសាកសួរកសាងសំណុំរឿចាត់ការតាមនីតិវិធី៕ លាន គ្រន