2024-02-12 03:02
71

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវចាយកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៏មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យកំពុងឆាបឆេះក្លឹបកំសាន្តកំពុងសាងសង់ មួយកន្លែងនៅខណ្ឌចំការមន ភ្លាមៗនោះ លោកនាយការិយាល័យ ក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យដែលនៅក្បែរទីតាំងកើតហេតុខាងលើ ធ្វើការចេញជួយអន្តរាគមន៍ ដើម្បីបាញ់ទឹកទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងទៀត។ 

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ចំពោះប្រភេទសំណង់ខាងលេីនេះ គឺជា ថ្មនឹងដែក ទំហំ (២៤ម៉ែត្រ x ៤៨ម៉ែត្រ) ក្នុងនោះបណ្តាលឲ្យឆេះខូចខាតកុងផ្លាកកេរ ១សន្លឹកសម្ភារៈបន្តិចបន្តួច និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ដោយឡែក ករណីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៩និង៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ ដោយនៅក្នុងនោះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។ ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីជាងផ្សារដែកខ្ទាតកំទេចធូកបង្កអគ្គិភ័យ៕