2023-06-16 06:06
291


បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានប្រទះឃើញស្លាប់ដោយស្នាមបាញ់បំបែកក្បាល ក្នុងព្រៃចំការដំឡូងមី នៅក្រុងបោយបែត។


ហេតុការណ៍អំពើឃាតកម្មដ៏សាហាវនេះ កើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
ជនរងគ្រោះក្នុងករណីឃាតកម្មខាងលើ មានឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានឃាតករបាញ់ត្រង់ក្បាលធ្ងាយស្លាប់ភ្លាមៗ និងបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី ចំនួន ០១គ្រាប់ ,គ្រាប់កាំភ្លើង ខ្លី ម៉ាក GLOUK-17 ចំនួន ០១គ្រាប់ និងគ្រាប់កាំភ្លើង ម៉ាក K54 ចំនួន ០១គ្រាប់។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបុយប៉ែត ក្រោមការដឹកនាំ និងសម្របសម្រូលនីតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ រហូតដល់វេលាម៉ោង ២២និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖
ទី១- ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន និងទី២- ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំពោះវត្ថុតាងចាប់យក រួមមាន៖ កាំភ្លើងខ្លីម៉ាក់ GLOUK-17 មួយដើម លេខ TSV665 បង់០១ គ្រាប់ ចំនួន ០៥គ្រាប់ ជាកម្មសិទ្ធិរបស់ Zhou Yong ,កាំភ្លើងខ្លី ម៉ាក K54 មួយដើម លេខ 29103187 បង់ ០១ គ្រាប់ ចំនួន ០៧គ្រាប់  ជាកម្មសិទ្ធិរបស់ ឡោ លឹមហាប់។

បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕