2023-04-24 07:04
737

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញជួបសំណេះសំណាល និងបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង៥៣៦ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជុំវិញស្រុក មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់ ។

ថ្លែងក្នុងពិធីឯកឧត្តម នាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បាននាំបណ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកជូនពុកម៉ែបងប្អូនផងដែរ ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចជោ បានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍប្រទេស ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងក្នុងខេត្តប៉ៃលិនរបស់យើងបានប្រែក្លាយ មុខមាត់ថ្មី តាមរយៈការអភិវឌ្ឍឥតឈប់ ដោយផ្ដោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ទឹកស្អាត ការកែលម្អសួនសាធារណៈ ផ្លូវលំ សំណង់អគារ ផ្លូវក្រាលកៅស៊ូ បេតុង ពង្រីកតំបន់កំសាន្ត ពង្រឹងលើសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈគ្រប់ស្ថាប័នរដ្ឋ ជាពិសេសពេលប្រជាពលរដ្ឋ ជួបទុក្ខលំបាកនៅទីកន្លែងណាមានលោកជំទាវអភិបាលខេត្តនៅទីនោះដើម្បីជួយសង្គ្រោះបងប្អូន ពុក ម៉ែ មិនថាជិត ឬឆ្ងាយ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះទេ ហើយស្នាដៃជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាមិនអាច បំភ្លេចបាន គឺការកែសម្រួលព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវជាអភិបាលខេត្ត ស្រុកសាលាក្រៅ បានទទួលភូមិចំនួន៣ ពីស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងចំណោមភូមិទាំងបីនោះ គឺមានភូមិកំពង់ចម្លងក្រោមនេះផងដែរ។

យោងតាមរបាយការណ៍ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានឱ្យដឹងថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែដែលមាន បណ្ដោយប្រវែង ៥០០ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ជាថវិកាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។