2024-04-08 08:04
28

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកToyota raizeមួយគ្រឿងក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាក TOYOTA BZ4X ដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវពេញទំហឹងរងការខូចខាត ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយជាមួយភាគីរងគ្រោះ បែរជាបន្ថែមល្បឿនបើករត់មកដល់ផ្លូវលេខ៥៩៨ ជិតស្តុបត្រឡោកបែក រួចជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតទើបទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ០៨ និង ២៥នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយរៀបរាប់ថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Raize ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BP-9327 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវ ឧកញ៉ា ទេព ផន ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុហួសស្តុបទេព ផនបន្ទិចក៏បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA BZ4X ដែលឈុបចតនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹងរងការខូចខាត ហើយរថយន្តបង្កមិនព្រមឈុបដោះស្រាយបន្តល្បឿនបើករត់ ត្រូវសមត្ថកិច្ចជិះប្រដេញពីក្រោយរហូតមកដល់ផ្លូវ៥៩៨ ក្បែនិងស្តុបតាឡោកបែកជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតពណ៏ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2U-3162 កំពុងឈប់ស្តុប បណ្តាលឱ្យខូចខាតផ្នែកកាងខាងក្រោយបន្តិចបន្តួច ។ ភ្លាមៗ នោះដែរប្រជាពលរដ្ឋបានធ្វើការស្ទាក់រថយន្ត និងបានឃាត់អ្នកបើករថយន្តបង្ក ប្រគល់ជូនកម្លាំងសមត្ថកិច្ច ដើម្បីយកទៅសាកសួរបន្ត។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៏ក្រុង មកវាស់វែងរថយន្តទាំង០៣គ្រឿង និងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕