2024-05-01 12:05
31

(ត្បូងឃ្មុំ)៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្មគ្រចិត្តបារាំង ដឹកនាំដោយ លោក តាន់ វុដ្ឋា ទីប្រឹក្សា លោក សុក ផាណា និងលោក Perruchet Phillipe នាយកក្រុមហ៊ុន Bioderma រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះពិនិត្យ ពិគ្រោះ និងព្យាបាលលើជំងឺសើស្បែក ជំងឺកុមារ និងមនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនប្រជាពលរដ្ឋចំនួន ១,២០០នាក់ (ស្រី ៦៥៦នាក់) ដោយឥតគិតថ្លៃ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្រៅពីនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក៏បានចែកច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ និងសំលៀកបំពាក់មួយចំនួន ជូនដល់កុមារា សរុបចំនួន ៤៤៤នាក់ ផងដែរ។

ការចុះពិនិត្យព្យាបាល និងចែកថ្នាំជូន ដោយឥតគិតថ្លៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក និន សុទ្ធីវង្ស, លោក នេត សេរី, លោកបណ្ឌិត ហេង គឹមអ៊ាន និងលោកវេជ្ជបណ្ឌិត ហួត គា ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ប្រមាណជិត ៥០នាក់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ ។ការងារមនុស្សធម៌ លើវិស័យសុខាភិបាលនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញារមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជួយសម្រួលនូវបន្ទុកសេវាចំណាយ របស់ពួកគាត់បានមួយកម្រិតផងដែរ។

សកម្មភាពចុះពិនិត្យ ព្យាបាលនេះគឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពី     សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ ព្រោះថាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។