2024-05-12 03:05
179

(កែប) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល សមាជិកា គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប។
  ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារខេត្ត ក្រុង ស្រុក សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត បេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទាំងពេញសិទ្ធ និងបម្រុង សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៣ រួមទាំងអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ភូមិទាំងអស់ផងដែរ។
  ក្រោយពីបានស្តាប់របាយការណ៍របស់ឯកឧត្តម សំ សារីន ប្រធានគណកម្មាធិការគណបក្សខេត្តរួចមក  ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប បានសាទរ និងឯកភាពលើរបាយការណ៍ផែនការឆ្ពោះទៅកាន់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។
  ជាមួយនឹងការពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនោះ ឯកឧត្តម អរគុណ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក។
ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមានសន្តិភាព សន្តិសុខនិងការអភិវឌ្ឍពេញផ្ទៃប្រទេស។
   ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកែប បានប្រកាសគាំទ្រគម្រោងកសាងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាគឺកាត់បន្ថយរយៈពេលចម្ងាយ តម្លៃដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារ៉ាសាស្ត្រ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ក្នុងគោលដៅកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។
  ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសាមគ្គីភាព ការទទួលខុសត្រូវ បន្តថែរក្សាសុខភាព ពិនិត្យឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកនូវវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង។(សឹង រ៉ាត់)