2024-06-25 04:06
267

កោះកុង៖ ក្រុមមន្ត្រីគយចល័តប្រចាំផ្លូវ ក.៤៨ សហការជាមួយកម្លាំងកម្លាំងរាជអាវុធហត្ថកោះកុង បង្ក្រាបរថយន្ត ០១គ្រឿង ម៉ាក Mazda BT-50 ពាក់ស្លាកលេខនគរបាលជាតិ គ្មានពន្ធនាំចូលត្រឹមត្រូវ។

ការបង្ក្រាបរថយន្តស្លាកលេខនគរបាលគ្មានព័ន្ធនាំចូលខាងលើ ធ្វើឡើងវេលាម៉ោង ១០និង៣៥នាទី  នៅថ្ងៃចន្ទ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ទល់មុខសណ្ឋាគារ និងកាស៊ីណូ «Long Bay»  ស្ថិតក្នុង ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង។  

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលបង្ក្រាបបានខាងលើ មានម៉ាក Mazda BT-50 ឆ្នាំម៉ូដែល ២០១៥ កំលាំង3200 cc ពណ៌ខ្មៅ ចង្កូតឆ្វេង ពុំមានឯកសារពន្ធនាំចូល ពាក់ស្លាកលេខ នគរបាល 2-7025 ពុំមានបិទលតាប័ត្រ។

បច្ចុប្បន្ន រថយន្តខាងលើ បាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និងរដ្ឋាករខេត្តកោះកុង ដោយបានធ្វើកំណត់ហេតុល្មើសច្បាប់គយ និងអនុវត្តតាមនីតិវិធីជាធរមាន៕