2024-06-04 08:06
155

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាលបានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសំខាន់ៗ ចំនួន៣។ ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។ 
   ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈដោយបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ចំនួន៣ រួមមាន៖ ១- ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីស៊ីវិល, ២- ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង ទី៣- ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។ 
ឯកឧត្តមបានលើកឡើងទៀតថា បន្ថែមលើនេះ ក្នុងនាមលេខាធិការដ្ឋាន គ.វ.រ. ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញ រចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។

  ជាលទ្ធផលសម្រាប់ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំនិយាមស្តីពីនីតិវិធី ប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យ។ ក្នុងនោះក្រសួងមុខងាបានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ចំនួន ០៦លើក ដោយបានជ្រើសរើសបេក្ខជន សរុបចំនួន ៩៧៥នាក់ និងកំពុងដំណើរការជ្រើសរើសជាបន្តបន្ទាប់ទៀត។ 
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន ជាជំហានមួយទៀត ក្នុងការសម្រេចឱ្យបាននូវការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីគាំទ្រដល់ក្រសួង-ស្ថាប័ន នៅក្នុងដំណើរការ នៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យក្រសួង-ស្ថាប័ន ឱ្យប្រពឹ្រត្តទៅដោយរលូនទាន់ពេលវេលា ប្រសិទ្ធភាព និងសម្រេចលទ្ធផលតាមការរំពឹងទុក នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤៕