2024-05-19 07:05
284

កំពង់ឆ្នាំង៖ មនុស្សជំនិតជាអ្នកថតរូប និងកាន់ថង់យាមដាក់លុយព្រះសង្ឃដ៏ល្បីល្បាញមួយអង្គនៅខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួន ពាក់ពន្ធនឹងករណី «រំលោភសេពសន្ថវៈ» លើនារីរងគ្រោះម្នាក់។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ត្រូវជាកូនសិស្សជំនិត ដើរតាមព្រះសង្ឃល្បីល្បាញ ជាអ្នកថតរូប និងកាន់ថង់យាម ត្រូវបានប៉េអឹមខេត្តកំពង់ឆ្នាំងឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៧និង២០នាទី។ 
តាមប្រភពបានឲ្យដឹងទៀតថា ដោយអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួនជនសង្ស័យជាមនុស្សជំនិតនឹងព្រះល្បីល្បាញក្នុងបទល្មើសជាក់ស្តែងធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើនារីជនរងគ្រោះឈ្មោះ.......ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
តាមការសាកសួរបឋប បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឌួង ច័ន្ទរតនៈ កូនសិស្សជំនិតព្រះសង្ឃមួយអង្គដែលកំពុងល្បីល្បាញខ្ទរខ្ទាទូទាំងប្រទេស បានទំនាក់ទំនងលួងលោមនារីរងគ្រោះហៅទៅលេងផ្ទះរបស់ខ្លួន ឆ្លៀតឱកាសស្ងាត់អំណោផលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចដល់ទីជម្រៅតែម្តង។ការចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចវត្ថុតាងចាប់យក រួមមាន ទូរសព្ទដែ ម៉ាក iphone13 ពណ៍ទឹកសមុទ្រ ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកំពង់អនុវត្តតាមនីតិវិធីច្បាប់៕