2024-06-06 04:06
142

នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និង ឯកឧត្ដម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក ដែលកិច្ចប្រជុំប្រព្រឹត្តទៅរយ:ពេល ០២ថ្ងៃ ចាប់ថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរ សមាជិកក្រុមការងារ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននានា ទី១.ឆ្លុះបញ្ចាំងពីសមិទ្ធផលការងារកន្លងមក ឆ្នាំ២០២៣ ទី២.កំណត់បញ្ហាប្រឈមអំពីការអនុវត្តផែនការ សកម្មភាពរបស់ក្រុមការងារ និង ទី៣.កំណត់វិធីសាស្រ្ដល្អៗដើម្បីធ្វើឱ្យក្រុមការងារបច្ចេកទេសចម្រុះកាន់តែប្រសើរឡើង (សហប្រតិបត្តិការមានប្រសិទ្ធភាព សកម្មភាពដែលមានការសម្របសម្រួល និងកៀរគរហិរញ្ញប្បទាន)។

កិច្ចប្រជុំនេះក៏បានផ្តល់ឱ្យអ្នកចូលរួមបានយល់ដឹងអំពីគោលការណ៍ណែនាំកែសម្រួលថ្មី ស្តីពីក្រុមការងារចម្រុះ (TWG-AW) កម្មវិធីអាទិភាពប្រចាំប្រទេសកម្ពុជារបស់ដៃគូអភិវឌ្ឍន៍ និងសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨) របស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្ម និងធនធានទឹក។ កិច្ចប្រជុំក៏ជាវេទិកាមានសារៈសំខាន់ សម្រាប់ តម្រង់ទិសជូនដល់សមាជិកទាំងអស់ ពិសេសនាយកដ្ឋាន និងអគ្គនាយកដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ ជាមួយអាទិភាពគោលនយោបាយរបស់វិស័យកសិកម្ម ប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានជម្រាបជូនអង្គប្រជុំ ពីវឌ្ឍនភាពសំខាន់ៗមួយចំនួនរបស់ក្រសួងកសិកម្ម ក្នុងនោះរួមមាន: ការដាក់ចេញសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨) ជាមួយនឹងគោលដៅរួម «ដើម្បីបង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព (ខ្សែសង្វាក់តម្លៃ) ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន» ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៤គឺ ទី១.កសាងសហគមន៍កសិកម្មទំនើប (MACs) ទី២.សេវាគាំទ្របច្ចេកទេសកសិកម្ម ផ្តល់ជូនកសិករ ទី៣.រក្សាតម្លៃកសិផលសំខាន់ៗ និងទី៤.ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិកសិកម្ម)។ 

ឯកឧត្ដមហ៊ាន វណ្ណហន ក៏បានបង្ហាញពីការចូលរួមចំណែកពីអនុវិស័យកសិកម្មក្នុង GDP ឆ្នាំ២០២៣ ក្នុងអំឡុងពេលរាតត្បាត Covid 19 និងកត្តាផ្សេងទៀត រួមទាំងវិបត្តិសង្គ្រាមអ៊ុយក្រែន។ វិស័យកសិកម្ម បានរក្សានូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងចន្លោះពី០.៦% ទៅ០.៩៩% ជារៀងរាល់ឆ្នាំ ដោយមានការរួមចំណែកនៃអនុវិស័យក្នុងវិស័យកសិកម្មរួមមាន: អនុវិស័យដំណាំ ៥៧.១%, អនុវិស័យផលិតកម្មសត្វ ១១.២%, អនុ                     វិស័យជលផល ២៤.៨% និង អនុវិស័យព្រៃឈើ ៧%។ អនុវិស័យដំណាំ និងជលផល បានបន្តជាកត្តានាំមុខគេ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនវិស័យនេះ ខណៈដែលអនុវិស័យផលិតកម្មសត្វបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដែលត្រូវតែអភិវឌ្ឍបន្ថែមទៀត ដោយនឹងជំរុញការផលិត/ការផ្គត់ផ្គង់សាច់ក្នុងស្រុកសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញជាដើម។