2024-06-04 04:06
150

កំពង់ស្ពឺ៖ ក្រុមក្មេងទំនើង «KC» ចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធបង្កភាពអសន្តិសុខ និងអនាធិបតេយ្យយតាមដងផ្លូវ ដោយនាំគ្នាជិះប្រដេញគ្នា និងបានឆែកឃើញមានវីដេអូបក្ខពួកជិះម៉ូតូអូសដាវបែកផ្កាភ្លើងផ្លូវជាតិបង្ហោះលើបណ្តាញសង្គម នាពេលកន្លងមក។

 នគរបាលបានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៣០នាទី នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលរបស់ក្រុមក្មេងទំនើង ចំនួន ០៤នាក់ រួមមាន៖ ១- ឈ្មោះ លឹម ណារុណ (ហៅរ៉ា) ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក (ធ្វើតេស្តមានសារធាតុគ្រឿងញៀន), ២- ឈ្មោះ ជៀប វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក, ៣- ឈ្មោះ យែម យីន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក និង ទី៤- ឈ្មោះ រីម បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្តក់ ឃុំព្រៃក្រសាំង ដើម្បីមកធានា និងទទួលយកទៅអប់រំបន្តនៅមូលដ្ឋាន។

 សមត្ថកិច្ចបញ្ជាក់ថា ក្រុមក្មេងទាំងទាំងនេះ មានបក្ខពួកច្រើនដែលគេប្រើរហ័សនាម «KC» កន្លងទៅក្រុមនេះបានធ្វើសកម្មភាពជិះម៉ូតូអូសដាវដែកតាមផ្លូវសាធារណៈបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរយៈពេលក្រោយនេះក្រុមក្មេងទំនើង «KC» ហាក់ស្ងប់ស្ងាត់ពុំមានសកម្មភាពដូចពេលមុន។ ជាក់ស្ដែងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣និង៣០នាទី នៅចំណុច មុខវត្តព្រៃបឹង លើផ្លូវក្រាលកៅស៊ូលេខ 1KS1 ស្ថិតនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលចុះល្បាតបានជួប និងបានឃាត់ពិនិត្យលើក្នុហទូរសព្ទដៃឃើញរូបភាពក្រុមគេថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតិតុ។ 

 បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើត្រូវបានអនុវត្ដតាមនីតិវិធីធ្វើកិច្ចសន្យាការអប់រំ និងប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋានរៀងៗខ្លួន ដោយសន្យាទទួលខុសត្រូវចំពោះសកម្មភាពទាំងស្រុងក្នុងករណីមានសកម្មភាពនេះបន្ដទៀតឡើយ៕