2024-06-04 08:06
180

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនាខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ។
   ពិធីនេះបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានសមាសភាពអញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារា កុមារីជាច្រើនផងដែរ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងការងារ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ ទប់ស្កាត់និងបង្ការ កុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ ដើម្បីធានាអំពីអនាគតនៃទំពាំងស្នងឬស្សីស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិនាពេលបច្ចុប្បន្ន។ 
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី ហេង សួរ បានរំលឹកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសកម្មករនិយោជិត ដែលរដ្ឋាភិបាល បានគិតគូរតាំងពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ២ឆ្នាំ តាមរយៈការផ្តល់ប្រាក់ឧបត្ថមដល់ម្តាយ ដើម្បីប្រាកដថាកុមារកម្ពុជាគ្រប់រូបមានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានមតេ្តយ្យសហគមន៍ នៅតាមតំបន់រោងចក្រ ដើម្បីផ្តល់ការសិក្សា និងថែទាំតាមកម្រិតស្តង់ដាដល់ទារក និងកុមារ ដែលជាធនធានមនុស្សដ៏សំខាន់របស់ក្រុមគ្រួសារកម្មករនិយោជិតជំនាន់ក្រោយ។ 
ក្នុងបរិបទដែលកម្ពុជាកំពុងឆ្លងកាន់សម័យបច្ចេកវិទ្យាឌីជីថល លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា «កុមារកម្ពុជាមិនគួរក្លាយជាកម្មវត្ថុនៃការបោកប្រាស ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើប ដែលនឹងបំផ្លាញដល់កុមារដែលជាក្រដាសសនៅឡើយ»។
   ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលមានគោលជំហរតាំងចិត្ត និងការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ចគ្រប់រូបភាព ដើម្បីធានាថាកុមារកម្ពុជាសុវត្ថិភាព តាមរយៈរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត រួមទាំងការដាក់ចេញនូវស្ថាប័នទទួលខុសត្រូវច្បាស់លាស់»៕