2024-05-28 09:05
191

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ ពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីកម្ពុជា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ ឱ្យសមាគមសិល្បករខ្មែរយកទៅអនុវត្ត។  

ការណែនាំរបស់សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ធ្វើឡើងព្រឹកថ្ងៃទី២៨ ខែឧសភានេះ ខណៈសម្ដេចបានអនុញ្ញាតឱ្យ ប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ ។

ក្នុងជំនួបនោះសម្តេចលើកឡើងថា ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌ បែបបទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែងថា «បើឈរមិនទាន់រឹង កុំរត់»។ 

ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុក មូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតក្នុងកម្រិតណាមួយ និង ត្រូវចុះបញ្ជីទាំងអស់។  សម្តេចបញ្ជាក់ថា ការចុះបញ្ជី គឺ កុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជាការអភិរក្ស ដើម្បី អភិវឌ្ឍ និង ការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំងសិល្បៈផង។

ជាការទ្រទ្រង់ដល់សមាគម សម្តេចតេជោ បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក  ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំង តាមវែបសាយ Youtube TikTok ជាដើមផង។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានសម្រេចជួយឧបត្ថម្ភទ្រទ្រង់ សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយសម្រាប់សមាគម។

អ្នកឧកញ៉ាបានជម្រាបរាយការណ៍ជូនសម្តេចតេជោថា ក្រោយការបោះឆ្នោតជ្រើរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និង គណកម្មការប្រតិបត្តិសមាគម និង ការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅពេលខាងមុខ ព្រមទាំង ការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំផែនការជាទស្សនវិស័យ និង ចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃ សិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និង ឆាកអន្តរជាតិ។ 

អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេចគោលដៅដែលបានកំណត់ ដូចជា៖  ១ កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និង លើកស្ទួយសិល្បៈ និង វប្បធម៌ជាតិ ។ ២ការពារសិទ្ធិ និង ផលប្រយោជន៍របស់សមាជិក។ ៣ ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និង កិច្ចការសង្គម។ ៤ ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង ៥ រួមចំណែកលើកកម្ពស់សីលធម៌សង្គម និង ក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ៕