2024-06-05 01:06
115

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចបន្ទាន់មួយ ដើម្បីស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដោះលែងជនជាតិចិន ចំនួន ០៨រូប ចេញពន្ធនាគារ ដោយគ្មានធ្វើលិខិតប្រគល់-ទទួលត្រឹមត្រូវឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍។ 

ឧបនាយកេរដ្ឋមន្ដ្រី ស សុខា បានចាត់តាំងគណៈកម្មការចំពោះកិច្ចនេះមានភារកិច្ចដូចខាងក្រោម៖ 
- ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិន ចំនួន ០៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។ 

- ត្រូវដឹកនាំសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួលជនជាតិចិន ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា 

- ធ្វើរបាយការណ៍បូកសរុបអំពីលទ្ធផល នៃការស្រាវជ្រាវជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់ថ្នាក់ដឹកនាំ។ 
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទតាមការចាំបាច់។ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង គ្រប់អង្គភាព ពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ៕