2024-05-15 05:05
175

ព្រះវិហារ: លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការជម្រុញដាស់តឿនចំពោះមន្រ្តីក្រោមឱវាទ លើការងារហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឲ្យកងកម្លាំងមានសមត្ថភាពក្នុងការដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ការថ្លែងលើកឡើងបែបនេះរបស់លោកមេញ្ជាការ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅក្នុងពិធីបើកវគ្គ ហ្វឹកហ្វឺនបំប៉នការងារ រក្សាសណ្តាប់ធ្នាប់នឹងអន្តរាគមន៍ ដល់នាយទាហា៊ន នាយទាហា៊នរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកមេញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការអាវុធហត្ថក្រុងស្រុក មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងសិក្ខាកាមសរុបចំនួន១១៥នាក់  ។

ដោយក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជ អាវុធហត្ថ ខេត្តព្រះវិហារ បានថ្លែងថា ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងន័យលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែម អំពីតួនាទី ភារកិច្ចលើការបំពេញបេសកកម្ម ទាំងចំណេះដឹង ចំណេះធ្វើ លើមុខវិជ្ជាយោធា មុខវិជ្ជាជំនាញអាវុធហត្ថ ដើម្បីឱ្យនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតី ទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌ មានមនសិការការងារ និងអត្តចរិតស្លូតត្រង់ នឹងពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ប្រកបទៅដោយប្រសិទ្ឋភាព ។

លោកបានបន្តរថា ការរៀបចំបើកវគ្គហ្វឹកហ្វឺននេះឡើងគឺដោយសារតែមានការយកចិត្តទុកដាក់ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពី សំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែរំលឹកដាស់តឿន ជំរុញលើការងារ ហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឲ្យកងកម្លាំងធ្វើការបង្រ្កាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធានាឲ្យបានថាកម្លាំងកងរាជអាវុធហត្ថ គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តកាតព្វកិច្ចទទួលបានជោគជ័យជូនជាតិមាតុភូមិ ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ក៍បានថ្លែងលើកឡើងបន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថខេត្តត្រូវការពារឲ្យបាននូវសុខសុវត្ថិភាព ជូនជាតិនឹងប្រជាជនដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវការពារព្រះមហាក្ស និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានដឹកនាំកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕ ដោយ:ទ្រី សុផល