2024-07-06 08:07
173

ពោធិ៍សាត់៖ បន្ទាប់ហ្វូងដង្កូវស៊ីបំផ្លាញស្រូវប្រជាកសិករ ត្រូវបានស្ងប់ស្ងាត់ ស្រាប់តែពេលនេះ មានលេចវត្តមាន សត្វ «រុយ ស» ចេញមកបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្រះរុណ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយតាមការចុះពិនិត្យជាក់ស្តែងរបស់ មន្រ្តីជំនាញកសិកម្មឃុំ និងរដ្ឋបាលស្រុកបាកាន គឺមានដំណាំស្រូវប្រមាណ ៣០អា ត្រូវបានបំផ្លាញតែមិនបណ្តាឱ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរនោះទេ។ មន្រ្តីជំនាញកសិកម្មឃុំ និងរដ្ឋបាលស្រុក បានធ្វើការអប់រំ ផ្សព្វផ្សាយ និងវិធីសាស្រ្តការពារល្អិត «រុយ ស» ជូនប្រជាកសិករក្នុងតំបន់នោះ។

ប្រសិនបើមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ គឺវាចនឹងរាលដាលខូចខាតដល់ស្រូវរាប់រយ-ពាន់ហិកតាផ្សេងទៀតនៅជុំវិញនោះផងដែរ។ នេះបើតាមការលើកឡើងរបស់ មន្ត្រីជំនាញកសិកម្មឃុំ និងមន្ត្រីរដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖ «ស្ថានភាពជារួមក្នុងខេត្តពោធិ៍សាត់ ករណីប្រភេទ «រុយ ស» នេះវាបំផ្លាញដំណាំស្រូវប្រជាពលរដ្ឋដំបូង គឺមានតិចតួច ដោយសារមានកិច្ចសហការល្អ រវាងប្រជាកសិករ អាជ្ញាធរមូលដ្ឋានផ្ដល់ព័ត៌មានដល់មន្ត្រីជំនាញកសិកម្មឃុំ  ដើម្បីធ្វើការទប់ស្កាត់បានទាន់ពេលវេលា តែទោះជាយ៉ាងណាមន្ទីរកសិកម្មនៅតែបន្តយកចិត្តទុកដាក់តាមដានករណី «រុយ ស» នេះជាប្រចាំ»។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ ករណី «រុយ ស» គឺជាប្រភេទសត្វល្អិតដែលកន្លងមកវាចូលចិត្ដបំផ្លាញទៅលើដំណាំបន្លែដូចជា៖ ប៉េងប៉ោះ ត្រប់ ម្ទេស សណ្តែក ត្រសក់ ជាដើម ដែលវាពុំសូវជាមានបញ្ហាខ្លាំងលើដំណាំស្រូវនោះទេ ប៉ុន្តែក្នុងឆ្នាំនេះមានការកកើតខ្លាំងហើយវាប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវ ជាពិសេស គឺនៅខេត្តព្រៃវែង»។

ក្រសួងកសិកម្មបានបញ្ជាក់ថា៖ «ប្រភេទសត្វរុយ សនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ តែក្នុងកំរិតបរិមាណទាប តែដោយសារឆ្នាំនេះ មានអាកាសធាតុក្តៅ ហើយភាពរាំងស្ងួតអូសបន្លាយ ធ្វើឱ្យវដ្តជីវិតរបស់ «រុយ ស» មានការកើនឡើង ហេតុដូចនេះ សូមបងប្អូនប្រជាកសិករ នៅបណ្ដាខេត្ត បើសិនជាមានប្រភេទ «រុយ ស» នេះមកៅលើដំណាំស្រូវរបស់បងប្អូនសូមប្រញាប់ផ្ដល់ព័ត៌មានដល់អាជ្ញាធរ និងមន្រ្តីកសិកម្មមូលដ្ឋាន ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕ លាន គ្រន