2024-05-07 02:05
17

ភ្នំពេញ៖  បុរសជាខ្មាន់កាំភ្លើងម្នាក់ បានដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យចំយុវជនម្នាក់ រងរបួសធ្ងន់ដោយសារខឹងក្រុមក្មេងៗលេងឈូសសើចឌឺដង ខណៈពេលកំពុងមានទំនាស់ពាក្យសម្តីឈ្លោះទាសទែងជាមួយប្រពន្ឋ។

ហេតុការណ៍បាញ់បោះសេរីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុច នៅស្តុប R3 ច្រកចូលបឹងកក់ ស្ថិតក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីបានឱ្យដឹងថា មុខពេលកើតមានរថយន្តមួយគ្រឿង ម៉ាក VIGO ព័ត៌ប្រផេះ មិនចាំស្លាកលេខ បានធ្វើដំណើរមកដល់ចំណុចស្តុប R3 ឈប់ហើយមានជម្លោះជាមួយប្រពន្ធហើយក្មេងៗជាច្រើននាក់កំពុងជួបជុំគ្នាលេងឈូសសើចសប្បាយ ទើបធ្វើឱ្យបុរសជាខ្មាន់កាំភ្លើងបញ្ចេញកំហឹងបាញ់រះជាច្រើនគ្រាប់បង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឱ្យក្មេងៗរត់ចែកជើងគ្នាព្រចុងសក់ បណ្តាលឱ្យមានមនុស្សចំនួន០២នាក់រងរបួស។

សាក្សីបានបញ្ជាក់ថា ក្រោយពេលបង្កការបាញ់បោះសេរីបង្កអសន្តិសុខក្នងសង្គម និងបណ្តាលឱ្យមានឱ្យមានមនុស្សរងរបួសនេះ ខ្មាន់កាំភ្លើងបានបើករថយន្តគេចបាតស្រមោលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដូនពេញ និងនគរបាលបានចុះមកដល់កន្លែងកើត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ៕