2024-03-01 07:03
54

ភ្នំពេញ : អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) នៅរសៀលថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបើកវគ្គបំប៉នពិសេសផ្ទៃក្នុង ស្តីពី «កិច្ចការព័ត៌មាននិងនំាពាក្យ» ក្រោមអធិបតីភាពលោក  ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
   វគ្គបំប៉នពិសេសនេះ មានការចូលរួមធ្វើបទបង្ហាញពីអ្នកស្រី Nicolla Hewitt សមាជិកនៃអ្នកឆ្លងឆ្លើយសារពត៌មានបរទេសនៅសហរដ្ឋអាមេរិក លើប្រធានបទ «ទំនាក់ទំនងសាធារណៈ»  ដោយមានការចូលរួមពីក្រុមការងារព័ត៌មាន និងក្រុមការងារអ្នកនាំពាក្យមកពីក្រសួង ស្ថាប័ន និងអង្គភាពនានា សរុបជាង៥០នាក់។ 
   ការបើកវគ្គបំប៉នផ្ទៃក្នុងនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១.បង្កើនការយល់ដឹងពីកិច្ចការផ្សព្វផ្សាយព័ត៌មាន និងអ្នកនាំពាក្យ ទី២.ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ ទី៣.បង្កើននូវជំនាញអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ និងទី៤.កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន។
   បើតាមលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បើកវគ្គបំប៉ននេះថា បច្ចុប្បន្ន ក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យមានតួនាទីកាន់តែសំខាន់ឡើងក្នុងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យអំពីលទ្ធផលការងារ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរបស់ខ្លួនសម្រេចបាន។ទន្ទឹមនឹងនោះការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិត ក៏ជាកិច្ចការដ៏សំខាន់មួយទៀតដើម្បីកុំឱ្យព័ត៌មានទាំងនោះចូលមកបំពុលសង្គម និងធ្វើឱ្យពលរដ្ឋយល់ច្រឡំ។ 
   លោក ប៉ែន បូណា គូសបញ្ជាក់ថា បើយើងខំធ្វើការបានសមិទ្ធផលយ៉ាងច្រើនតែមិនបានផ្សាយឱ្យប្រជាពលរដ្ឋបានដឹងគឺប្រជាពលរដ្ឋនឹងគិតថា យើងមិនបានធ្វើអ្វីឡើយ។ ម្យ៉ាងទៀត យើងផ្សាយច្រើនដែរ ប៉ុន្តែ ការផ្សាយទាំងនោះគ្មានប្រសិទ្ធភាព ក៏មិនសូវមានប្រយោជន៍ដែរ។ ដូច្នេះ ដើម្បីឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាព ក្រុមការងារត្រូវតែខិតខំសម្រួចសមត្ថភាពរបស់ខ្លួនជាប្រចាំដើម្បីធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លោក រំពឹងថា ក្រោយពីចូលរួមវគ្គបំប៉នពិសេសផ្ទៃក្នុងនេះ អ្នកចូលរួមនឹងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីរបៀបធ្វើការជាមួយបណ្តាញផ្សាយព័ត៌មាន ប្រកបដោយជំនាញ និងវិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាអ្នកនាំពាក្យពោរពេញដោយគុណវុឌ្ឍិ៕